ភ្នំពេញ ៖ មេដឹកនាំសហជីពកម្មករពីររូប បានសម្តែងការមិនពេញចិត្ត ជាខ្លាំង ក្រោយពីមានការស្រាយបំភ្លឺ ពីអង្គការសង់ត្រាល់ ទៅលើរបាយការណ៍ របស់ខ្លួន នៅល្ងាចថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែបែរជាមិនមានការកែប្រែ របាយការណ៍បំផ្លើស របស់ខ្លួនទៅវិញ។
លោក សំ សឿន ប្រធានសហជីព ពលកម្មជាតិកម្ពុជា បាននិយាយថា អាជ្ញាធរ គួរតែមានចំណាត់ការ ចំពោះរបាយការណ៍បំផ្លើសការពិត អំពីស្ថានភាពជាក់ស្តែង របស់អង្គការសង់ត្រាល់ក ន្លងមកនេះ ។
លោកបានគូសបញ្ជាក់ថា ៖ “ចំពោះរបាយការណ៍ របស់អង្គការសង់ត្រាល់ គួរតែមានការអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ហើយមិនគួរមាន ការលើកលែងទេ” ។
លោកបានបន្តថា របាយការណ៍នេះមិនពិត ហើយធ្វើឱ្យប៉ះពាល់ ដល់ប្រទេសកម្ពុជាទៀតផង ដូចជាធ្វើឱ្យមានការអាប់អោន និងបាតបង់នូវទំនុកចិត្ត មកលើរាជរដ្ឋាភិបាល និងវិស័យការងារ នៅកម្ពុជា ដែលនាំឱ្យមានការថយ ចុះនូវការដាក់វិនិយោគ ព្រមទាំងធ្វើឱ្យកម្មករនិយោជិកបាត់បង់ឱកាសការងារ ប្រាក់ចំណូល និងប៉ះពាល់ដល់អ្នកទទួល ផលដោយផ្ទាល់ និងប្រយោលក្នុងវិស័យការងារ ។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា វាធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព នៃប្រទេសកម្ពុជា លើឆាកអន្តរជាតិទៀតផង ។
លោក សំ សឿន បានស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់សង់ត្រាល់ដែលបំបែកបំបាក់ស្មារតី លាបពណ៌បន្ទោសបង្អាប់មកលើអង្គការវិជ្ជាជីវៈសហជីពនៅកម្ពុជា។
ដូចគ្នានេះដែរ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បាន ជម្រុញឱ្យអង្គការសង់ត្រាល់កែប្រែរបាយការណ៍បំភ្លៃការពិតរបស់ខ្លួន ឱ្យស្របទៅតាមតថភាពជាក់ស្តែងនៅកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា៖ “កាលណាសង់ត្រាល់ មិនព្រមកែតម្រូវរបាយការណ៍របស់ខ្លួនទេ គឺត្រូវប្រឈមនឹងផ្លូវច្បាប់ ព្រោះអង្គការនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងភាពថ្លៃថ្នូររបស់កម្មករ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល”។
ប្រធានសហជីពរូបនេះ បានបន្ថែមទៀតថា របាយការណ៍នេះមិនមានការស្រាវជ្រាវ ឱ្យគ្រប់ជ្រុងជ្រោយ ហើយធ្វើតាមតែអារម្មណ៍របស់ម្ចាស់ជំនួយ ដែលផ្ទុយស្រឡះពីស្ថានភាពជាក់ស្តែងនៅកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ។
លោក អ៊ុន ដារ៉ា បានស្នើឱ្យអ្នកសារព័ត៌មាន និងអ្នកវិនិយោគ ឬអ្នកគ្រោងនឹងវិនិយោគមកប្រទេសកម្ពុជា គប្បីសិក្សាស្រាវជ្រាវ ឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការធ្លាក់ចូល ក្នុងការក្លែងបន្លំពីស្ថានភាព ជាក់ស្តែងនៅកម្ពុជា តាមរយៈរបាយការណ៍ របស់អង្គការសង់ត្រាល់មួយនេះ ៕