ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃទី២៧ ខែមិថុនា បានរួមគ្នាសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធឌីជីថល និងវិបផតថល (Webportal) សម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណ សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) សិប្បកម្ម និងរោងចក្រ។
គំនិតផ្តួចផ្តើមនេះ ជួយសម្រួលដល់ការចុះបញ្ជីអាជីវកម្ម ដោយជំនួសនីតិវិធី ដែលធ្វើដោយដៃ កាត់បន្ថយតម្រូវការ នៃការជួបអ្នកផ្តល់សេវា កាត់បន្ថយពេលវេលាស្នើសុំ និងសម្រួលការទូទាត់ប្រាក់ ។
ពិធីសម្ពោធដាក់ឲ្យដំណើរការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអង្គទូតនានាជាច្រើន ក្នុងឱកាសនៃការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ពិធីនេះ ក៏មានការចូលរួមពីសហគ្រិន តំណាងសមាគមធុរកិច្ច ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ជាច្រើនផងដែរ។
តាមរយៈការគាំទ្រ របស់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ប្រព័ន្ធឌីជីថលថ្មីនេះ ត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅបង្កើនបរិយាប័ន្ន ភាពងាយស្រួលប្រើ និងលទ្ធភាព ប្រើប្រាស់បានលើ គ្រប់ឧបករណ៍ឌីជីថល ។ ក្នុងដំណាក់កាលទី១ ប្រព័ន្ធនេះផ្តល់សេវាសំខាន់ៗចំនួន៣គឺ៖ ១.) ការស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម , ២.) ការស្នើសុំអាជ្ញាប័ណ្ណ/បន្តអាជ្ញាប័ណ្ណ ដំណើរការសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និង ៣.) ការស្នើសុំបង្កើតរោងចក្រ។ បន្ទាប់ពីការដាក់ ឲ្យដំណើរការនេះ សហគ្រាសធុនតូច និងមធ្យម សិប្បកម្ម និងរោងចក្រ អាចដាក់ពាក្យស្នើសុំ ធ្វើការទូទាត់ប្រាក់ និងទទួលបានឯកសារសំខាន់ៗទាំងនេះ តាមអ៊ីនធឺណិតដោយផ្ទាល់ ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា “ការសម្ពោធដាក់ឲ្យដំណើរ ការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលនេះគឺជាវឌ្ឍនភាពដ៏សំខាន់ថ្មីមួយទៀតនៅក្នុងដំណើររបស់យើងឆ្ពោះទៅការកសាងបរិយាកាសអាជីវកម្មដែលកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ។ តាមរយៈការសម្រួលដំណើរការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណ យើងនឹងកាត់បន្ថយបន្ទុករដ្ឋបាលរបស់វិស័យឯកជន និងជំរុញបរិយាកាសធុរកិច្ចកាន់តែអំណោយផល” ។
មុនពេលដាក់ដំណើរការ ប្រព័ន្ធនេះបានឆ្លងកាត់ការ សាកល្បងពីអ្នកប្រើប្រាស់ ជាបន្តបន្ទាប់ ដែលមានទាំងមន្ត្រីរបស់ក្រសួងឧស្សាហកម្ម , ភ្នាក់ងារផ្តល់សេវា ចុះបញ្ជីក្រុមហ៊ុន និងតំណាងវិស័យសហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងឧស្សាហកម្ម រួមទាំងស្ត្រី និងជនពិការផងដែរ។ ជាលទ្ធផល ក្រសួងបានអភិវឌ្ឍន៍ ប្រព័ន្ធនេះឲ្យកាន់តែងាយស្រួល សម្រាប់ធុរជននៅក្នុង ដំណើរការចុះបញ្ជីអាជីវកម្ម ។
លោក Andreas Zurbrugg ភារធារីនៃស្ថានទូត អូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា “ប្រព័ន្ធនេះ គឺជាសក្ខីភាពមួយ នៃកិច្ចខិតខំប្រឹងប្រែងរួម របស់អូស្ត្រាលី និងកម្ពុជា ។ យើងមានទំនុកចិត្តថា ប្រព័ន្ធនេះនឹងជួយលុបបំបាត់បញ្ហារាំងស្ទះ ពង្រីកសក្តានុពលរបស់កម្ពុជា ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម និងឧស្សាហកម្ម និងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព”។
ដោយសហគ្រាសធុនតូច និងមធ្យមកម្ពុជាប្រមាណតែ ១៣% ប៉ុណ្ណោះដែលបានចុះបញ្ជីត្រឹមត្រូវ ប្រព័ន្ធនេះមានគោលបំណងបង្កើនការចុះបញ្ជីផ្លូវការ ដែលជួយឲ្យសហគ្រាសធុនតូច និងមធ្យមឲ្យពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ចូលក្នុងទីផ្សារ និងទទួលការគាំទ្រផ្សេងៗពីរាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង និងការទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស ៕