ព័ត៌មានជាតិ

កម្ពុជា មិនព្រងើយកន្តើយ ប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្សឡើយ

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងការបរទេសអាមេរិក បានចេញរបាយការណ៍មួយបង្ហាញថា កម្ពុជា បន្តស្ថិតក្នុងចំណាត់ថ្នាក់ ទាបបំផុត (ចំណាត់ថ្នាក់លេខ៣) ពាក់ព័ន្ធនឹងការចាត់វិធានការ លុបបំបាត់ ឬទប់ស្កាត់ការជួញដូរមនុស្ស លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ មិថុនានេះ បានឆ្លើយតបថា កម្ពុជា មិនព្រងើយកន្តើយ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្សឡើយនេះ នៅតែមានសកម្មភាព បង្ក្រាប់ជាប់ជាហូរហែរ។

កាលពីពេលថ្មីៗនេះ​ ក្រសួងការបរទេសអាមេរិក បានបង្ហាញរបាយការណ៍ស្តីពីការជួញដូរមនុស្សនៅកម្ពុជាថា កម្ពុជាបន្តស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងការចាត់វិធានការ លុបបំបាត់ឬទប់ស្កាត់ការជួញដូរមនុស្ស ដែលនាំឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងចំណាត់ថ្នាក់កម្រិត ៣ ឬ Tier 3។ កម្រិតបី (Tier 3) មានន័យថា រដ្ឋាភិបាល ម្ចាស់ប្រទេស មិនបានប្រឹងប្រែងជាដុំកំភួន និងតាមបទដ្ឋាន ដូចមានចែងនៅក្នុងច្បាប់ ស្ដីពីការការពារ ជនរងគ្រោះដោយការជួញដូរ (TVPA)។

តាមរយៈសារតេឡេក្រាម នាថ្ងៃ២៨ មិថុនានេះ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុករបាយការណ៍នោះថា គ្រាន់តែជារបាយការណ៍នយោបាយ បម្រើរបៀបវារៈនយោបាយប៉ុណ្ណោះ។ ការដាក់ចំណាត់ថ្នាក់មកលើកម្ពុជាពីសំណាក់អាមេរិក មិនមែនជារឿងថ្មីនោះឡើយ។ ការដាក់ចំណាត់ថ្នាក់ ក៏ដូចជា ការវាយតម្លៃអំពីស្ថានភាពនៃការការជួញដូរមនុស្សនៅកម្ពុជានោះ ជាការវាយតម្លៃដោយពុំមានសុក្រឹត្យភាព និងពុំមានព័ត៌មានគ្រប់ជ្រុងជ្រោយ។

លោកបណ្ឌិតបន្ដថា ជាក់ស្តែងក្នុងក្របខ័ណ្ឌ ក្រសួងមហាផ្ទៃលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែចង្អុល ដឹកនាំជាប្រចាំឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធតាមដានស្ថានភាព នៃអំពើជួញដូរមនុស្សជាប្រចាំ ដើម្បីដាក់ចេញយន្តការនានា ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។

លោកបណ្ឌិតគូសបញ្ជាក់ថា «មិនមែនមានន័យថា សមត្ថកិច្ចរបស់កម្ពុជាព្រងើយកន្ដើយ ឬក៏បង្កលក្ខណៈឲ្យមានបទល្មើសជួញដូរមនុស្សនេះទេ។ នៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា គឺលោកតែងតែចង្អុលដឹកនាំជាប្រចាំឲ្យសមត្ថកិច្ច ប្រចាំដើម្បីដាក់ចេញនូវ យន្តការនានាក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលា»។

លោកបណ្ឌិត ទូច សុឃៈ បន្ដថា នាពេលកន្លងទៅ ក្នុងជំនួបសវនាការជាមួយបណ្តាអង្គទូតនានា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងជាបន្តបន្ទាប់អំពីយន្តការក្នុង ប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្សនេះ៕

To Top