ភ្នំពេញ ៖ កម្ពុជានិងជប៉ុន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកសន្និសីទ ASJA-ASCOJA-JAC លើកទី ២២ នៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកTsuge Yoshifumi (សូគេ យូស៊ីហ្វូមី) រដ្ឋមន្រ្តីនៃក្រសួងការបរទេសជប៉ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ ពីសារសំខាន់ នៃសន្និសីទ ដែលស្របទៅនឹង យុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់អាទិភាព ចំពោះបច្ចេកវិទ្យាឌីជីថល ដែលនឹងជួយលើកកម្ពស់ សេដ្ឋកិច្ចជាតិ និងសេវារដ្ឋបាល ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។ តាមរយៈបច្ចេកវិទ្យា ឌីជីថល នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចពង្រឹងផលិតភាពការងារ និងភាពសំបូរបែប នៃកម្លាំងពលកម្ម ដែលនឹងធ្វើឱ្យកម្ពុជា ក្លាយជាទីផ្សារតំបន់ និងអន្តរជាតិដ៏គួរឱ្យទាក់ទាញ ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់សន្និសីទ អំពីទំនើបកម្មរបស់ក្រសួង-មន្ទីរ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលស្របទៅនឹងការវិវត្ត នៃនិន្នការ ក្នុងតំបន់និង អន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា ទាំងមូលបាននិងកំពុងយកចិត្តទុកដាក់ ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ ពីភាពចាំបាច់ នៃការទាញប្រយោជន៍ ចេញពីបច្ចេកវិទ្យាឌីជីថល ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីសម្រើវិស័យសេវាសាធារណៈ ការសិក្សាអប់រំ និងការសកម្មភាពសេដ្ឋកិច្ចនានាទាំងនៅកម្ពុជា តំបន់អាស៊ាន និងប្រទេសជប៉ុន ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានស្នើឱ្យអង្គសន្និសីទ ជជែកនិងចែករំលែកបទពិសោធន៍ស្តីពីបច្ចេកវិទ្យាឌីជីថល របស់សមាជិកអាស៊ាន និងជប៉ុន ដើម្បីក្រេបជញ្ជក់ ចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមក ក្នុងទិសដៅជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងប្រទេសជប៉ុន ៕






















