ព័ត៌មានជាតិ

កម្ពុជា គាំទ្រការយល់ដឹងរួម ៦ចំណុច ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ដែលលេីកឡេីងរួមគ្នាដោយចិន និងប្រេស៊ីល

ភ្នំពេញ ៖ កម្ពុជា គាំទ្រការយល់ដឹងរួម ៦ចំណុច ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ដែលបាន​លេីកឡេីងរួមគ្នាដោយចិន និងប្រេស៊ីល។ នេះបើតាមការបញ្ជាក់ពី លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី២៨ មិថុនា អ្នកនាំពាក្យ ​បានឲ្យដឹងថា ឆ្លើយតបទៅនឹងការសាកសួរ របស់អ្នកសារព័ត៌មានអំពីជំហររបស់កម្ពុជា លើការយល់ដឹងរួម ៦ចំណុច ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” (Six-Point Common Understanding on Political Settlement of the Ukraine Crisis) ដែលបានលើកឡើងរួមគ្នា ដោយសាធារណៈរដ្ឋប្រជាមានិតចិន និងប្រេស៊ីល នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ ក្រសួង​ការបរទេស​កម្ពុជា ​បានគូសបញ្ជាក់ដូចតទៅ ៖

កម្ពុជាគាំទ្រ «ការយល់ដឹងរួមប្រាំមួយចំណុច ស្តីពីដំណោះស្រាយនយោបាយ នៃវិបត្តិអ៊ុយក្រែន»របស់ចិន និងប្រេស៊ីល ដោយខ្លឹមសារនៃឯកសារនេះសមស្រប ឆ្លើយតបសភាពការណ៍ជាក់ស្តែង ដែលត្រូវសង្កត់ធ្ងន់លើអាទិភាពចំពោះមុខចំនួន ៤គឺ

១- ទប់ស្កាត់កំណើនភាពតានតឹង និងបង្កបរិយាកាស អំណោយផលដល់ការសន្ទនា ដែលចាំបាច់ត្រូវមាន ការចូលរួមពីអ៊ុយក្រែន និងរុស្ស៊ី។ ២-បញ្ចៀសការធ្លាក់ដុនដាប កាន់តែខ្លាំងនូវវិបត្តិមនុស្សធម៌។ ៣-បញ្ចៀសវិបត្តិនុយក្លេអ៊ែរ និង៤-បង្កើនការខិតខំលើក កម្ពស់សន្តិសុខស្បៀង ថាមពល និង ស្ថិរភាពខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ៕

To Top