ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ តាមដានការអនុវត្តគោលការណ៍ណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ជាប្រធាន។
សូមបញ្ជាក់ថា ក្រុមការងារតាមដាននេះ មានតួនាទីជាសេនាធិការផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដោយមានភារកិច្ច ដូចជា ៖
-ប្រមូល និងរៀបចំជាបញ្ជីរាល់អនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ទាំងលិខិត និងផ្ទាល់មាត់។
-តាមដាន ពិនិត្យ វាយតម្លៃ ជំរុញការអនុវត្ត និងលើកយោបល់គោរពជូនលោកឧបនាយករដ្ឋមន្ត្រី។
-តាមដាន វាយតម្លៃមតិត្រឡប់ពីមន្ត្រីចំណុះក្រសួងមហាផ្ទៃ និងមហាជនទូទៅ ចំពោះគោលការណ៍ ណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី។
-ទំនាក់ទំនងជាមួយអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធនានា។
-រៀបចំកិច្ចប្រជុំ និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារប្រចាំខែ ឆមាស និងប្រចាំឆ្នាំ គោរពជូន លោកឧបនាយករដ្ឋមន្ត្រី។
-រៀបចំផែនការសកម្មភាពការងារ និងហិរញ្ញវត្ថុរបស់ក្រុមការងារ។
-បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់ លោកឧបនាយករដ្ឋមន្ត្រី៕