ព័ត៌មានជាតិ

អ៊ីរ៉ង់ ថ្កោលទោសការលើកឡើង របស់អាមេរិក អំពីការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់

តេអេរ៉ង់ៈ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការលើកឡើងដោយរំខាន នាពេលថ្មីៗនេះ ដោយមន្ត្រីសហរដ្ឋអាមេរិក អំពីការបោះឆ្នោតប្រធានាធិបតីទី ១៤ របស់អ៊ីរ៉ង់។

លោក Kanaani បានធ្វើការកត់ សម្គាល់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយប្រតិកម្មទៅនឹងការបង្ហោះ ជាបន្តបន្ទាប់របស់បេសកជនពិសេសរង របស់សហរដ្ឋអាមេរិក សម្រាប់អ៊ីរ៉ង់លោក Abram Paley នៅលើគណនី X របស់លោកកាលពីថ្ងៃពុធ ។

លោក Paley បានអះអាងថា ការបោះឆ្នោតរបស់អ៊ីរ៉ង់ “មិនយុត្តិធម៌ និងដោយសេរី ឬអំណោយផលដល់ ការផ្លាស់ប្តូរជាមូលដ្ឋានក្នុងទិសដៅរបស់ប្រទេសដែលធ្វើឱ្យមានការចោទប្រកាន់ជាច្រើនប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់”។

លោក Kanaani បានលើកឡើងថា ការកត់សម្គាល់របស់ Paley គឺជា “ការជ្រៀតជ្រែកដ៏គួរឱ្យភ្ញាក់ផ្អើល និងមិនសមហេតុផល” ដោយបន្ថែមថា មន្ត្រីសហរដ្ឋអាមេរិក នឹងមិនសម្រេចបានអ្វីទាំងអស់ ដោយធ្វើសេចក្តីថ្លែងការណ៍ “គ្មានតម្លៃ” បែបនេះ។

លោកបានសង្កត់ធ្ងន់ថា “ប្រជាជនអ៊ីរ៉ង់ នៅក្នុងការបោះឆ្នោតនេះនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសុន្ទរកថា ដែលរំខានបែបនេះ តាមរយៈការចូលរួម ប្រកបដោយប្រសិទ្ធភាព និងវត្តមានប្រកបដោយស្មារតី នៅឯការិយាល័យបោះឆ្នោត”។

លោក Kanaani បានបន្ដថា ប្រជាជននៅទូទាំងពិភពលោកបានមើលឃើញពីផលប៉ះពាល់ និងលទ្ធផលនៃ “ការទូតអាមេរិក” នៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងផ្នែកផ្សេងទៀត នៃពិភពលោក ហើយបានភ្លក់រសជាតិ “ជូរចត់” របស់វា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top