ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រសរុបចំនួន ៣.២៤៨ ករណី ។

ការចុះពិនិត្យនិងព្យាបាលជំងឺនាឱកាសនេះ រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មីX , ពិនិត្យឈាម, ក្នុងនោះករណីជំងឺធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលបន្តមានចំនួន ៦៧ ករណី ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណ វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី អរុណវតី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមផង ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, យុវជនអ.ម.ត, យុវជនស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានចង្អុលបង្ហាញ ដល់ក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលជូនពួកគាត់ ។

រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភគាំទ្រដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតផ្ទាល់ ៕

















