ព័ត៌មានជាតិ

សម្តេចធិបតី៖ ដរាបណា គណបក្សប្រជាជនទទួលបាន​ ការគាំទ្រឲ្យដឹកនាំប្រទេស រាជរដ្ឋាភិបាលបន្ដមិនយកពន្ធដីកសិកម្ម

កំពងចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ដរាបណាគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាពរដ្ឋ ឲ្យដឹកនាំប្រទេសទៀតនោះ រាជរដ្ឋាភិបាល និងបន្តមិនយកពន្ធលើដីកសិកម្ម។

នាឱកាសអញ្ជើញជាអធិបតីអបអរសាទ «ទិវាមច្ឆជាតិ ១ កក្កដា ២០២៤» នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ ទី១ កក្កដា សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយជាបន្ដបន្ទាប់ ដើម្បីលើកស្ទួយ និងជួយទៅដល់វិស័យកសិកម្ម ព្រមទាំងកសិករ។

សម្ដេចធិបតីបន្តថា «ជាក់ស្ដែងការដាក់ចេញគោលនយោបាយ លើកលែងពន្ធចំពោះដីកសិកម្ម ដីស្រែ លក្ខណៈគ្រួសារ គឺយើងបានធ្វើយូរមកហើយ ហើយដរាបណា គណបក្សប្រជាជនកម្ពុជា នៅមានឱកាសដែលប្រជាជនគាំទ្រ ផ្ដល់ឱកាសបោះឆ្នោត ឲ្យដឹកនាំប្រទេស គោលនយោបាយលើកលែងពន្ធ ចំពោះដីកសិកម្មនៅតែបន្ដ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសដីស្រែលក្ខណៈ»។

សម្ដេចធិបតីថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញការលើកលែងពន្ធ និងការនាំចូលសម្ភារៈកសិកម្ម គ្រឿង យន្ដ ឧបករណ៍កសិកម្ម កសិផល មុខទំនិញ ដែលជាអាហារូបម្ភត្ថ សម្រាប់ការរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានលើកលែងពន្ធអាករ រហូតដល់ឆ្នាំ២០២៨ ដើម្បីធានាតម្លៃសមស្របសម្រាប់ប្រជាពលរដ្ឋ។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ការដោះស្រាយវិស័យកសិកម្ម គឺដៃម្ខាងត្រូវធានាតម្លៃ គិតគូរពីចំណូលរបស់កសិករ និងដៃម្ខាងទៀតត្រូវធានាមិនឲ្យទំនិញឡើងថ្លៃ ប៉ះពាល់ការចំណាយរបស់អ្នកទិញ។ សម្ដេចពន្យល់ថា ដើម្បីធានាលើរឿងទាំងពីរនេះ រដ្ឋ ត្រូវមានដំណោះស្រាយ លើតម្លៃផលិតរបស់កសិករ តាមរយៈការបន្ថយពន្ធអាករ នាំចូលគ្រឿងចក្រកសិកម្ម ការដាក់ចេញដំណោះស្រាយឲ្យសមស្រប៕

To Top