កំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដ៏មានភ័ព្វសំណាង ដែលសម្បូរទៅដោយប្រភេទត្រីគ្រប់ប្រភេទ និងគ្រប់ទីកន្លែង ញ៉ាំងឲ្យប្រជាពលរដ្ឋ អាចទាញយកប្រភពធនធាននេះ សម្រាប់ជាប្រភពអាហារដ៏ចម្បងប្រចាំថ្ងៃ ។
ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ១ កក្កដា សម្តេចធិបតី មានប្រសាសន៍ថា “ជាភ័ព្វសំណាងណាស់ដែលប្រទេសកម្ពុជាយើង សម្បូរណ៍ត្រីគ្រប់ទីកន្លែង តាំងពីទន្លេព្រែកស្ទឹងបឹងបួរ អាងទឹក រហូតទៅដល់វាលទំនាប និងវាលស្រែទៀតផង ដូចដែលសុភាសិតខ្មែរយើង ធ្លាប់ពោលថា ទីណាមានទឹក ទីនោះមានត្រី” ។
បើទោះជាកម្ពុជា សម្បូរណ៍ទៅដោយប្រភពត្រីយ៉ាងណាក្តី ក៏សម្តេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាអភិរក្សធនធានទាំងនេះ សម្រាប់តទៅដល់អនាគតផងដែរ ។
ក្នុងនោះ សម្តេចធិបតី មានប្រសាសន៍ទៀតថា “ម្យ៉ាងទៀត ត្រីគឺជាប្រភពអាហារដ៏ចម្បងមួយ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ដែលយើងចាំបាច់ត្រូវរួមគ្នា ដើម្បីការពារ និងអភិរក្ស និងការអភិវឌ្ឍ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតរបស់យើង” ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផល ក្រសួងកសិកម្ម បាននិងកំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ លើបទល្មើសនេសាទ និងការផលិតចែកចាយឧបករណ៍ នេសាទដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ធនធានជលផល, ជំរុញចលនាលែងត្រីមេពូជ និងត្រីរងគ្រោះថ្នាក់ចូលក្នុងធម្មជាតិវិញ, ចាត់វិធានការគ្រប់គ្រងម៉ឺងម៉ាត់ ក្នុងរដូវបិទនេសាទ, សាងសង់ជណ្តើរត្រី ដើម្បីជួយសម្រួលដល់ការ ផ្លាស់ទីរបស់ត្រី និងសង្គ្រោះត្រីមេពូជ នៅតាមកន្លែងអភិរក្សដែលរីងស្ងួត នៅរដូវប្រាំងដោយសារអាកាសធាតុឡើង កម្ដៅខ្លាំង និងអូសបន្លាយពេលយូរ ដោយបានធ្វើការស្តារ បូមទឹកបញ្ចូល ឬជីកប្រឡាយបង្ហូរទឹកចូល៕