ព័ត៌មានជាតិ

សម្តេចធិបតី៖ ក្រសួងកសិកម្ម បានចាត់វិធានការកំចាត់ហ្វូងដង្កូវ ជូនពលរដ្ឋទាន់ពេលវេលា

កំពង់ចាម៖ ក្រោយមានចំណាត់ការកំចាត់ហ្វូងសត្វដង្កូវ ដែលជាក្តីកង្វល់របស់ប្រជាកសិករ បានទាន់ពេលវេលានាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរក្រសួងកសិកម្ម និងបានឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជួយពិនិត្យមើល លើការជួយអន្តរាគមន៍ដោះស្រាយផលប៉ះពាល់នានា លើវិស័យកសិកម្មជូនពលរដ្ឋទាន់ពេលវេលា ។

ក្នុងឱកាស ចូលរួមពិធីអបអរសាទរ “ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ១ កក្កដា
សម្តេចធិបតីមានប្រសាសន៍ថា “ថ្ងៃមុនដូចបញ្ហាដង្កូវហ្វូង ក៏សូមអរគុណណាស់ដល់ក្រសួងកសិកម្ម សូមដាក់ចេញវិធានការ ។ ឥឡូវចង់ប៉ុន្មានហិកតា ថ្ងៃមុនជាង២ម៉ឺនហិកតា ដែលរងគ្រោះដោយសារដង្កូវហ្វូងទូទាំងប្រទេស ចឹងដាក់សហការជាមួយអាជ្ញាធរ ហើយមន្ទីរកសិកម្ម ដើម្បីចេញជួយ សង្គ្រោះទៅលើកិច្ចការងារនេះ” ។

ជាមួយគ្នានេះ សម្តេចធិបតីបន្តថា “ឃើញរូបចេញមក ឃើញច្រើន ចឹងយើងចេញអន្តរាគមន៍ជូនទាន់ពេលវេលា ពេលជាមួយគ្នា ក៏សូមបន្តលើកទឹកចិត្ត ឲ្យកសិកររបស់យើង ចូលរួមនៅក្នុងសហគមន៍ ក៏ដូចជាចូលរួមនៅក្នុងការបង្កបង្កើនផល និងការច្បាមយកឱកាសដែលយើងបង្កើត” ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ២៣ មិថុនា ហ្វូងដង្កួវបានបំផ្លាញផលដំណាំផ្សេងៗ របស់ពលរដ្ឋមាននៅខេត្តចំនួន១៥ រួមមាន ៖ បន្ទាយមានជ័យ , កំពង់ចាម , កំពង់ឆ្នាំង , កំពង់ស្ពឺ , កំពង់ធំ , កោះកុង , ក្រចេះ , ព្រះវិហារ , ពោធិ៍សាត់ , សៀមរាប , ស្ទឹងត្រែង , តាកែវ , ឧត្តរមានជ័យ ប៉ៃលិន និងត្បូងឃ្មុំ៕

To Top