ពោធិ៍សាត់: ដោយអនុវត្តតាមការ ណែនាំរបស់លោកខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាព រដ្ឋបាលខេត្ត បទល្មើសជលផលរួមមានរបាំងស្បៃមុងចំនួន ១៥ ខែ្សប្រវែង ៥៥០ ម៉ែត្រ លូស្បៃមុងចំនួន ២១ មាត់ និង បង្គោលចំនួន ១៨៥ ដើមត្រូវបានកម្លាំងចម្រុះដឹកនាំដោយលោកហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកណ្តៀងនិង ជានាយរងផ្នែក រដ្ឋបាលជលផល ក្រគរសហការជាមួយកម្លាំង ការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោឈឹម សុីថា នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហគមនេសាទស្រ៏ចឹក និង កម្លាំងប្រជាការពារ កម្លាំងយោធាខេត្ត នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៤បានចេញប្រតិបត្តិការ បង្រ្កាបបទល្មើសជលផលនៅក្នុងបឹងទន្លេសាប ចាប់ពីចំនុចជ្រោយវែង រហូតដល់ព្រែកឡាំបាកា ក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
នៅក្នុងកិច្ចប្រតិបត្តិការបង្រា្កបសមត្ថកិច្ចចម្រុះបានកម្ទេចចោលនៅនឹងកន្លែងរួមមានរបាំងស្បៃមុងចំនួន ១៥ ខ្សែប្រវែង ៥៥០ ម៉ែត្រ , លូស្បៃមុងចំនួន ២១ មាត់ , បង្គោល ចម្រុះចំនួនន ១៨៥ ដើម ព្រមទាំងចាក់លែងកូនត្រីចម្រុះ មួយចំនួនចូលទៅក្នុងទឹកទន្លេវិញផងដែរ៕