ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែម លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុបរិស្ថានកម្ពុជា ជាពិសេសចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតប នឹងបញ្ហាបរិស្ថានសកល។


ការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ដើម្បីពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង នាថ្ងៃទី១ កក្កដា ។

ក្នុងឱកាសនោះលោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តជំរុញបន្ថែមឲ្យមន្ត្រីរាជការក្រសួង បង្កើនតួនាទីចូលរួមអប់រំ និងផ្សព្វផ្សាយ ពីបញ្ហាបរិស្ថានឲ្យបានច្រើនឡើងថែមទៀត កុំឲ្យមានការចោលសំរាមផ្តេសផ្តាស ជាពិសេសរួមចំណែកភាពស្អាតលើដី ភាពស្អាតលើផ្ទៃទឹក និងភាពស្អាតលើអាកាស និងចូលរួមដាំដើឈើ ឲ្យបានច្រើន ដើម្បីបង្កើនភាពបៃតង នៅតាមទីសាធារណៈ សហគមន៍ សាលារៀន និងវត្តអារាម និងដាំស្តារព្រៃជាដើម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ឈរលើផែនទីចង្អុលផ្លូវមួយនេះ វិស័យបរិស្ថានរបស់កម្ពុជា នឹងទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សូមបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានគូសបញ្ជាក់អំពីបេសកកម្ម និងការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញអំពីអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួនបីចម្បង គឺ«ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅបង្កើនគម្របព្រៃឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០៕
