ភ្នំពេញ ៖ សម្ព័ន្ធសហជីពជាតិ បានដាក់ពាក្យប្តឹង ទៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ ដើម្បីស្នើសុំអន្តរាគមន៍ពិនិត្យមើលភាពមិនប្រក្រតី នៃរបាយការណ៍សង់ត្រាល់ ដែលធ្វើឱ្យអង្គការវិជ្ជាជីវៈ បែកបាក់ ប្រកាន់បក្ខពួក រើសអើង និង ញុះញង់ធ្វើឲ្យប៉ះពាល់ ដល់ការងាររបស់កម្មករនិយោជិត ទូទាំងប្រទេស និងភាពស្អាតស្អំរបស់ប្រទេសជាតិ ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឱ្យដឹងថា តំណាងកម្មករនៅទូទាំងប្រទេសកើតទុក្ខមិនសុខចិត្តចំពោះរបាយការណ៍របស់ មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅថា សង់ត្រាល់ ដែលមិនមានប្រភព នឹងភស្តុតាង ច្បាស់លាស់ ប្រឌិត បំភ្លៃ គ្មានការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ហើយមន្ត្រីដឹកនាំអង្គការនេះអះអាងថាជា របាយការណ៍ ស្រមោល ប៉ុន្តែ ធ្វើការបែងចែកពណ៌សម្បុរសហជីព ដែលមានចរិកលក្ខណៈ ញុះញង់ឲ្យមានការរើសអើងគ្នា។

លោកថា របាយការណ៍សង់ត្រាល់ស្រង់សម្តី តែតំណាងសហជីព១០ ក្នុងចំណោមរោងចក្រ១៤ ដែលនិយាយអវិជ្ជមានពីសិទ្ធិសេរីភាពដោយបំប៉ោងការពិត ថា ពួកគេជួបប្រទះការបំភិតបំភ័យ គំរាមកំហែង ការយាយី និងការដាក់ក្នុងបញ្ជីខ្មៅ តែអង្គការនេះមិនបង្ហាញភស្តុតាងច្បាស់លាស់ ហើយបែរជាយកភាពអវិជ្ជមាននោះ ទៅវាយតម្លៃទាំងមូលលើប្រទេសកម្ពុជា ថាសិទ្ធិសេរីភាពសហជីពត្រូវបានរិតត្បិតទៅវិញ។

លោក ហ្វា សាលី លើកឡើងថា ក្នុងចំណុចទី៩ នៃរបាយការណ៍សង់ត្រាល់ បានលាបពណ៌សហជីព បំផ្លាញមុខមាត់ប្រទេសជាតិ តាមរយៈ ប្រើពាក្យសហជីពពណ៌លឿង រារាំងដល់សហជីពឯករាជ្យ មិនឲ្យសហការបានពេញលេញ។ ក្នុងន័យនេះ អង្គការសង់ត្រាល់បាន នឹងកំពុងធ្វើឲ្យភាពសុខុដុម នៃអង្គការវិជ្ជាជីវៈ សហជីពបែកបាក់ ប្រកាន់បក្សពួក រើសអើងគ្នា និងជាការញុះញង់ ដែលជាទង្វើអសីលធម៌មិនអាច ទទួលយកបាន ។

លោកថ្លែងថា៖«វាគឺជាការញុះញង់ឱ្យមានការរើសអើង រវាងសហជីពនិងសហជីព ដូចច្នេះយើងទទួលយកអត់បានទេ ដែលបែងចែកសហជីពពណ៌លឿង ពណ៌ស ពណ៌ខ្មៅអីហ្នឹងគឺអត់អាចទេ។ ព្រោះគាត់ជាអង្គការវិជ្ជាជីវៈមួយ ធ្វើការងារត្រូវតែតម្លាភាព»។

លោកបញ្ជក់បន្ថែមថា មកដល់ពេលនេះការងារ ជាក់ស្តែងរបស់អង្គការសង់ត្រាល់ ធ្វើតែជាមួយសហព័ន្ធសហជីព ដែលស្ថិតក្រោមការបញ្ជា របស់ខ្លួនតែប៉ុណ្ណោះ ហេតុនេះលោកទាមទារឱ្យអង្គការសង់ត្រាល់ និងបណ្តាញរបស់ខ្លួនបង្ហាញភស្តុតាស្រាវជ្រាវវិទ្យាសាស្ត្រ ឱ្យបានច្បាស់លាស់ បង្ហាញសារណៈជន ឱ្យបានយល់ដឹង និងឈប់យល់ច្រឡំលើប្រទេសជាតិ។

លោកថ្លែងថា៖«យើងអំពាវនាវឱ្យខាង ស៊ីខៅឌូ ក៏ដូចជា កាទូ របស់លោកស្រីយ៉ាង សុភ័ណ្ឌ និងលោកគង់អាទិត្យ បង្ហាញនូវរបាយការណ៍ ដែលបានដាក់ធ្វើជាមួយនឹងអង្គការសង់ត្រាល់ ហើយអ្វីដែលសំខាន់ជាងនេះទៀត ការលាបពណ៌ថាតំណាងសហជីពគាត់ ត្រូវបានគេចុះក្នុងបញ្ជីខ្មៅ នោះសូមបង្ហាញភស្តុតាង»។

បើតាមលោក ហ្វា សាលី សង់ត្រាល់បង្កើតរបាយការណ៍ មិនមានប្រភពច្បាស់លាស់ នឹងមិនមានភស្តុតាង ជារបាយការណ៍ស្រមោល និងតំណាង ឲ្យតែសង់ត្រាល់ និងសហព័ន្ធសហជីពចំនួន២ ហើយយកចុះផ្សាយបង្កាចបន្ទួចដល់សេរី ភាពសហជីពនៅកម្ពុជាទាំងមូល ដោយមិនមានមូលដ្ឋានបែបនេះ ធ្វើឲ្យសហគមជាតិ អន្តរជាតិ និងអ្នកបញ្ជាទិញ មានការយល់ច្រឡំ មកលើរាជរដ្ឋាភិបាល និងស្ថេរភាពនៅកម្ពុជា ក៏ដូចជាធ្វើឲ្យប៉ះពាល់ ដល់បរិយាកាសវិនិយោគ ការងាររបស់កម្មករ និយោជិត សហជីព ប៉ះពាល់ដល់ភាពស្អាតស្អំ នឹងសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ៕


