កណ្ដាល ៖ ក្រោយឡើងកាន់តំណែង លោក គួច ចំរើន អភិបាលខេត្តកណ្ដាលថ្មី បានណែនាំអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២ កក្កដា លោក គួច ចំរើន បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល ត្រូវអនុវត្តតួនាទីភារកិច្ច របស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការផ្តល់សេវា សាធារណៈ ដែលជាកិច្ចការអាទិភាពចម្បង ក្នុងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលត្រូវបន្តលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាព គឺធ្វើបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។

អភិបាលខេត្តបន្ដថា ជាមួយនេះដែរ ក៏ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រី ក្នុងការផ្តល់សេវា សាធារណៈគ្រប់ប្រភេទ ដោយត្រូវចាត់វិធានការម៉ឺងម៉ាត់ ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬ រំលោភអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា «កងកម្លាំងទាំង៣ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា៖ លួច, ឆក់, ប្លន់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យផងដែរ»៕



