ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញអន្តរាគមន៍ទាន់ពេលវេលាចុះជួយសង្គ្រោះ និងស្តារឡើងវិញនូវដំណាំរបស់កសិករ មានដូចជាស្រូវ ពោត និងដំឡូងមីជាដើម ប្រមាណជាង ២ម៉ឺនហិកតា នៅតាមខេត្តរងគ្រោះមួយចំនួននៃ ប្រទេសកម្ពុជា បន្ទាប់ពីមានការបំផ្លាញដោយសត្វដង្កូវហ្វូង ក្រោយមានការផ្ទុះឡើងកាលពីខែមុន។
លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ដើមអម្ពិលនៅថ្ងៃទី២ ខែកក្កដា នេះថា ការកើតឡើងនូវប្រភេទសត្វចង្រៃ មានដង្កូវហ្វូង នាពេលថ្មីៗនេះមានប្រភេទ សត្វរុយ-សជាដើម បណ្តាលមកពីបញ្ហាការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ហើយបានបំផ្លាញដំណាំកសិផលរបស់កសិករជាច្រើនហិកតារបស់កម្ពុជា។

ទាក់ទិនងនឹងបញ្ហានេះ លោក ឃឹម ហ្វីណង់ បញ្ជាក់ទៀតថា ក្រោយពេលកើតឡើងភ្លាម ៗ ក្រសួងបានបញ្ជូនអ្នកជំនាញចុះទៅអន្តរាគមន៍ជាបន្ទាន់តាមរយៈ ការបាញ់ថ្នាំសម្លាប់ និងណែនាំដល់ប្រជាកសិករនៅតាមមូលដ្ឋានដែលរងគ្រោះ អំពីរបៀបប្រើថ្នាំកសិកម្មបាញ់កម្ចាត់ដង្កូវ និងវិធានការធម្មជាតិក្នុងការកម្ចាត់ នៅតាមទីតាំងដែលមានដង្កូវហ្វូងផ្ទុះឡើង។ ជាមួយគ្នានោះ ក្រសួងក៏បានជួយកសិករក្នុងការស្តារឡើងវិញ និងដោយមានការចូលរួមពីប្រជាពលរដ្ឋផងដែរជាង ២ម៉ឺនហិកតាផងដែរ។
ចំពោះការផ្ទុះឡើងនូវរុយ-សកាលពីពីរសប្តាហ៍មុននៅខេត្តតាកែវ លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ក្រុមមន្ត្រីជំនាញរបស់ក្រសួងបាននឹងកំពុងចុះជួយអន្តរាគមន៍កសិករ នៅខេត្តព្រៃវែង និងស្វាយរៀងឱ្យបានទាន់ពេលវេលាតាមរយៈការបាញ់ថ្នាំ និងណែនាំដល់កសិករ បន្ទាប់ពីមានការរីករាលដាលយ៉ាងលឿននិងមានទំហំធំធេងពីខេត្តតាកែទៅព្រៃវែង និងបន្តទៅខេត្តស្វាយរៀងថែមទៀត ហើយអាចនឹងបន្តទៅខេត្តផ្សេងៗបន្ថែមទៀត។

ទោះជាយ៉ាងណា មន្ត្រីនាំពាក្យរូបនេះ បញ្ជាក់ចំពោះការចុះជួយអន្តរាគមន៍នេះទៀត អាចមានសភាពស្មុកស្មាញ និងលំបាក ដោយសារតែរុយ-ស នេះបានហោះហើរចល័តពីទីតាំងមួយទៅទីតាំងមួយទៀតយ៉ាងលឿន។
ជុំវិញបញ្ហានេះដែរ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានស្វាគមន៍ចំពោះការចុះអន្តរាគមន៍របស់ក្រុមមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទាន់ពេលវេលាក្នុងការកម្ចាត់ដង្កូវហ្វូងនេះ ប៉ុន្តែវាក៏មិនទាន់ឆ្លើយតប ឬតម្រូវចិត្តរបស់កសិករទេ ដោយសារការបំផ្លាញដំណាំរបស់កសិករពីសំណាក់ដង្កូវហ្វូងមានទំហំធំ និងលឿនបំផុត។

លោក ថេង សាវឿនបញ្ជាក់ទៀតថា មួយវិញទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនមានមន្ត្រីជំនាញច្រើនក្នុងការចុះអន្តរាគមន៍ ជាពិសេស គឺក្រសួងមិនបានត្រៀមខ្លួនទុកឱ្យបានមុន និងមានវិធានការជាក់លាក់ជារួមណាមួយចំពោះ ការកម្ចាត់ក្រោយមាការផ្ទុះឡើងនូវដង្កូវហ្វូងនេះក៏ទេដែរ។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សត្វដង្កូវហ្វូងបានបំផ្លាញនូវផលដំណាំរបស់កសិករជាច្រើនកន្លែង ដោយក្នុងនោះយ៉ាងហោចណាស់មានខេត្តខេត្តក្រចេះ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ស្ទឹងត្រែង ព្រះវិហារ ត្បូងឃ្មុំ កំពង់ចាម ពោធិ៍សាត់ និងកំពង់ធំជាដើម ដែលត្រូវសត្វដង្កូវស៊ីស្រូវ ដំឡូងមី និងរុក្ខជាតិជាច្រើនប្រភេទទៀតរបស់ប្រជាកសិករក្នុងរយៈពេលនៃការផ្ទុះឡើងកន្លងមកនេះ៕
ដោយ នៅ ស៊ីវុត្ថា



