ព័ត៌មានជាតិ

ក្រសួងកសិកម្ម ចាប់ផ្ដើមប្រមូលទិន្នន័យ អង្កេតកសិកម្ម កម្ពុជា ឆ្នាំ២០២៣

 
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រកាសអំពីការចាប់ផ្ដើមប្រមូលទិន្នន័យ អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៣ដោយមានការចុះប្រមូល និងចងក្រងទិន្នន័យការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងដំណើរការនេសាទ នៅទូទាំងប្រទេស។

ការអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៣នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយស្ថាប័នរបស់រដ្ឋាភិបាលចំនួនពីរ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដោយមានការគាំទ្រ ផ្នែកបច្ចេកទេស ពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។

កិច្ចការប្រកបដោយមហិច្ឆតានេះ នឹងផ្តោតទៅលើកសិដ្ឋានកសិកម្មប្រមាណ ១៦,០០០កន្លែង នៅទូទាំងប្រទេស ដោយបង្ហាញ នូវលក្ខណៈលម្អិត និងទិដ្ឋភាពកសិកម្មយ៉ាងទូលំទូលាយរបស់ប្រទេសកម្ពុជា។

ការអង្កេតកសិកម្មនេះ មិនគ្រាន់តែជាការប្រមូលស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការរៀបចំគោលនយោបាយ និងការអនុវត្តកសិកម្ម
នាពេលអនាគត។

លោក ថត ហាន់ឃីន អ្នកជំនាញវិភាគស្ថិតិរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានលើកឡើងថា “ការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៣ គឺលើសពីការប្រមូលទិន្នន័យធម្មតា។ វាគឺជាឧបករណ៍ដ៏សំខាន់ ដែលជួយដល់សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា។ តាមរយៈការយល់ដឹងពីភាពខុសប្លែកគ្នា នៃការអនុវត្តកសិកម្ម បញ្ហាប្រឈម និងសក្តានុពលនានា យើង អាចកែសម្រួលយុទ្ធសាស្ត្រ ដោយមិនត្រឹមតែ ជំរុញផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់កសិករ ព្រមទាំងជួយការពារបរិស្ថាន របស់យើងផងដែរ។

លោកបន្តថា ការអង្កេតនេះ គឺជាជំហានដ៏សំខាន់ ក្នុងការបន្ស៊ីរវាងការអនុវត្តកសិកម្ម ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយធានាបាននូវអនាគត កាន់តែប្រសើរ សម្រាប់វិស័យកសិកម្មរបស់កម្ពុជា។”

សូមរំលឹកថា គំនិតផ្តួចផ្តើមនេះមាន គោលបំណងផ្តល់នូវភាពអង់អាចដល់បណ្ដាប្រទេសនានា ក្នុងការទទួលបានទិន្នន័យកសិកម្ម ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងអាចយកទិន្នន័យទាំងនោះ ទៅប្រើប្រាស់ទាន់ពេលវេលា ក្នុងកិច្ចរួមចំណែកយ៉ាងសំខាន់ ដល់ការសម្រេចចិត្ត ដោយផ្អែកលើភស្តុតាង ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី២ គឺគ្មានភាពអត់ឈ្លាន។

លោក ម៉ក់ ម៉ូនី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា “ប្រទេសកម្ពុជា កំពុងបោះជំហានទៅក្នុងយុគសម័យ នៃការផ្លាស់ប្តូរ តាមរយៈការបង្កើតរដ្ឋាភិបាលថ្មី ព្រមជាមួយនឹងការដាក់ឱ្យដំណើរការ “យុទ្ធសាស្ត្របញ្ចកោណ” ជាផ្លូវការ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ យើងបានបោះជំហានចូលក្នុងយុគសម័យថ្មីមួយ ដូច្នេះទិន្នន័យទាំងនេះពិតជាមានសារៈសំខាន់ និងកាន់តែមិនអាចខ្វះបាន ក្នុងការជួយតម្រង់ផ្លូវសម្រាប់ពេលអនាគត៕

To Top