ព័ត៌មានជាតិ

ក្រសួងកសិកម្ម ឱ្យបង្ការគ្រោះអគ្គីភ័យ ក្នុងចម្ការកៅស៊ូ នារដូវជ្រុះស្លឹក

ភ្នំពេញ៖ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ម្ចាស់កៅស៊ូទាំងអស់ ត្រូវបង្ការគ្រោះអគ្គីភ័យ ក្នុងចម្ការកៅស៊ូឱ្យបានត្រឹមត្រូវ នៅរដូវជ្រុះស្លឹកនេះ។

យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកៅស៊ូ នាថ្ងៃទី៣១ មករា បានឱ្យដឹងថា ជារៀលរាល់ឆ្នាំ រដូវកៅស៊ូជ្រុះស្លឹក នឹងចាប់ផ្តើមពីខែមករា រហូតដល់ចុងខែកុម្ភៈ។ ក្នុងន័យនេះ ដើម្បីបង្ការគ្រោះអគ្គីភ័យ ដែលនឹងអាចកើតមានជាយថាហេតុ នៅក្នុងចម្ការកៅស៊ូ “សូមម្ចាស់ចម្ការកៅស៊ូទាំងអស់ យកចិត្តទុកដាក់សម្អាត និងធ្វើផ្លូវភ្លើងក្នុងចម្ការកៅស៊ូឱ្យបានត្រឹមត្រូវ»។

អគ្គនាយកដ្ឋានកៅស៊ូបន្ដថា ម្ចាស់ចម្ការកៅស៊ូ ត្រូវកាត់ស្មៅ ឬរុក្ខជាតិចង្រៃនៅជុំវិញព្រំចម្ការ តាមចន្លោះរងជាប់ផ្លូវធ្វើដំណើរ និងត្រូវប្រមូលទាំងស្លឹកកៅស៊ូ ដែលជ្រុះដាក់គរជាគំនរៗប្រវែង២៥ម៉ែត្រ លើគ្នាតាមចន្លោះរងកៅស៊ូដាច់ៗពីគ្នា ដើម្បីដុតមួយគំនរម្តងៗ ដោយចាប់ផ្តើមពីគំនរស្ថិតនៅក្រោមទិសខ្យល់។

អគ្គនាយកដ្ឋានកៅស៊ូ បន្ថែមថា ត្រូវសម្អាតដុតនៅពេលព្រឹកព្រលឹម និងបញ្ឈប់ការដុតនៅវេលាម៉ោង ៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងផ្កាភ្លើងហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់ ១០០ភាគរយ ក្រោយពេលឈប់ដុត ជាពិសេស ហាមដាច់ខាតការដុតសម្អាតនៅពេលរសៀល ព្រោះអាចបង្កឱ្យមានអគ្គីភ័យ កើតឡើងជាយថាហេតុ៕

To Top