ព័ត៌មានជាតិ

ប្រធានសម្ព័ន្ធសហជីពជាតិ ៖​ អង្គការសង់ត្រាល់ បានលួចបង្កើតសហជីព នៅតាមរោងចក្រ ដោយប្រើឈ្មោះថា “សហជីព ការពារសិទ្ធិកម្មករ”

ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា អង្គការសង់ត្រាល់ បានជ្រៀតជ្រែកការងារសហជីព ដោយធ្វើជាខ្នងបង្អែក នៅពីក្រោយការចងក្រង សហជីពតាមមូលដ្ឋាន ដោយប្រើពាក្យថា «សហជីពឯករាជ្យ» នៅតាមបណ្តារោងចក្រ ហើយចេញរបាយការណ៍ស្រមោល មានចេតនាអុកឡុកស្ថេរភាពសង្គមកម្ពុជា ធ្វើឱ្យមានវិវាទសហជីព បែកបាក់សាមគ្គី ក្នុងបំណងក្តិចពន្លករីកចម្រើន ក្នុងវិស័យកាត់ដេរនៅកម្ពុជា ដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំង ។

លោកបានថ្លែងបែបនេះ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ ក្រោយដាក់ញត្តិប្តឹងទៅក្រសួងមហាផ្ទៃ សុំជួយអន្តាគមន៍ពិនិត្យភាពមិនប្រក្រតី នៃរបាយការណ៍សង់ត្រាល់ ដែលចេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ធ្វើឱ្យប៉ះពាល់ដល់ការងារ របស់កម្មករនិយោជិតទូទាំងប្រទេស និងភាពស្អាតស្អំកម្ពុជា ។

តាមប្រសាសន៍លោកហ្វា សាលី អង្គការសង់ត្រាល់បានជ្រៀតជ្រែក កិច្ចការងារសហជីព ជ្រោមជ្រែងបង្កើតឱ្យមាន សហជីព ឯករាជ្យ ដែលធ្វើតាមបញ្ជារបស់ខ្លួន ក្នុងការបម្រើនយោបាយបរទេស ចោទប្រកាន់ លាបពណ៌ថាសហជីពស្របច្បាប់នៅកម្ពុជា ថាជាសហជីពពណ៌លឿង ដែលជាការញុះញង់នាំឱ្យបែកបាក់សាមគ្គី ធ្វើឱ្យអន្តរជាតិយល់ច្រឡំ លែងទុកចិត្តចំពោះ សុខសន្តិភាពរបស់ប្រទេសជាតិ និងព្រួយបារម្ភចំពោះការបណ្តាក់ទុន ។

លោកថ្លែងថា៖«ខ្ញុំបានដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ឱ្យពិនិត្យទៅលើការជ្រៀតជ្រែកទាំងឡាយណា របស់អង្គការសង់ត្រាល់នេះពីព្រោះយើងឃើញថា សហជីពឯករាជ្យមួយចំនួនត្រូវបាន បង្កើតនិងជ្រោមជ្រែងដោយអង្គការនេះនៅពីក្រោយ ឈ្មោះថា សហជីពការពារសិទ្ធិកម្មករ ប្រមាណ៥-៦រោងចក្រដែលយើងរកឃើញ ។ ដូចច្នេះយើងអំពាវនាវឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាកោះអញ្ចើញ ថ្នាក់ដឹកនាំសហជីពទាំងនោះមកពិនិត្យ និងសិក្សាស្រាវជ្រាវអំពីឬគល់ក៏ដូចជា ហិរញ្ញវត្ថុមួយចំនួនដែល សហជីពមូលដ្ឋានោះប្រើ»។

លោកបន្ថែមថា៖«យើងអត់អាចលើកលែងបានទេ ពីព្រោះរបាយការណ៍ទាំងអស់នេះ ធ្ងន់ធ្ងរខ្លាំងណាស់ វាធ្វើឱ្យប៉ះពាល់ដល់ ស្ថេរភាពនៅកម្ពុជា ទៅដល់អ្នកបញ្ជាទិញ ទៅដល់ការវិនិយោគថ្មីៗ។ហើយកម្មករបច្ចុប្បន្ន កំពុងតែធ្វើការងារយ៉ាងសស្រាក់សស្រាំ មានការងារគ្រប់គ្រាន់ អ៊ីចឹងកុំឱ្យកម្ពុជា ចាប់ផ្តើមមានពន្លកហើយគាត់នាំគ្នា ទៅក្តិចដូចច្នេះ ខ្ញុំទទួលយកអត់បានទេ ក្នុងនាមជាអ្នកការពារសិទ្ធិកម្មករ»។

លោកបញ្ជាក់ថា របាយការណ៍ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ របស់សង់ត្រាល់ ជារបាយការណ៍គ្មានមូលដ្ឋាន ប្រភពច្បាស់លាស់គ្រប់គ្រាន់ ប្រឌិត បំភ្លៃ គ្មានការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ញុះញង់បំបែកបំបាក់ ធ្វើឱ្យមានការរើសអើង ។ ក្នុងរបាយការណ៍សង់ត្រាល់សម្ភាសន៍សហជីពតែ១០ ក្នុងចំណោម១៤ រោងចក្រ ក្នុងគម្រោងរោងចក្រកាន់តែប្រសើររបស់ ILO-BFC មិនអាចតំណាងកម្ពុជា តាំងមូលបានទេ ព្រោះសហជីពមូលដ្ឋានមានរហូតដល់ជាង ៦ ០០០ រីឯរោងចក្រវាយណភណ្ឌ និងកាត់ដេរមានរហូតដល់ជាង១ ៥០០ រោងចក្រ ៕

To Top