គន់មីង៖ ពីទីក្រុងគន់មីង ខេត្តយូណានប្រទេសចិន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានដឹកនាំក្រុមការងារនៃសមាគមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ វិទ្យាស្ថានសិក្សាសង្គមខេត្តយូណាន ដឹកនាំដោយ លោក LIE ZHUNing។
នៅក្នុងជំនួបនេះ លោក សយ សុភាព បានលើកឡើងអំពីសារៈសំខាន់នៃតួនាទីរបស់អ្នកសារព័ត៌មាន កម្ពុជា-ចិន ដែលបានបំពេញទស្សនកិច្ចនៅក្នុងខេត្តយូណាន ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការនៃការអភិវឌ្ឍន៍ក៏ដូចជា ការពង្រីកបន្ថែមនូវទំនាក់ទំនងខាងព័ត៌មាន ដើម្បីចូលរួមផ្សព្វផ្សាយដល់សាធារណជនឱ្យបានយល់ និងជ្រាបអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន។
លោក LIE ZHUNing នាយកវិទ្យាស្ថានសិក្សាសង្គមខេត្តយូណាន បានបង្ហាញនូវការចាប់អារម្មណ៍ ចំពោះវត្តមានរបស់សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដែលមកស្វែងយល់បន្ថែម អំពីដំណើរការក៏ដូចជាសកម្មភាពមួយចំនួនរបស់ខេត្តយូណាន ។
លោកសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការ រវាងសមាគមអ្នកសារព័ត៍មានកម្ពុជា-ចិន ជាមួយវិទ្យាស្ថានសិក្សាសង្គមខេត្តយូណានបន្ថែមទៀត។
លោក ហើស សិរីធន់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ក៏បានចែករំលែកនូវព័ត៌មានមួយចំនួន ហើយក្នុងនាមអ្នកសិក្សាស្រាវភូមិសាស្ត្រនយោបាយ លោកបានសំណូមពរភាគីចិន តាមរយៈវិទ្យាស្ដានសិក្សាសង្គមយូណាន បន្តការជំរុញនិងកៀរគរភ្ញៀវទេសចរក៏ដូចជាអ្នកវិនិយោគរបស់ខេត្តយូណាន មកកាន់ប្រទេសកម្ពុជា តាមដែលអាចធ្វើទៅបាន។
លោកក៏បានលើកឡើង ពីបំណងចង់ឃើញមានផ្លូវរថភ្លើងរត់ចេញពីក្រុងគន់មីង ខេត្តយូណាន ប្រទេសចិន ទៅកាន់ប្រទេសកម្ពុជា នាពេលថ្ងៃអនាគត។
ដោយឡែកលោកស្រី ZHAO Shulam ប្រធានផ្នែកទទួលបន្ទុកសិក្សាស្រាវជ្រាវខាងប្រទេសឡាវ បានសម្តែងនូវចំណាប់អារម្មណ៍ លើគំនិតចង់តភ្ជាប់ផ្លូវរថភ្លើងពីខេត្តយូណាន ទៅកាន់ប្រទេសកម្ពុជានេះ ៕
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-02_20-44-51-890x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-02_20-44-55-914x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-02_20-44-57-1024x665.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-02_20-44-58-799x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-02_20-45-01-461x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-02_20-45-03-461x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-02_20-45-04-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-02_20-45-06-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-02_20-45-07-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)