ព័ត៌មានជាតិ

ទូតថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ភ្នំពេញ៖ លោក Shaharuddin Bin Onn​ ឯកអគ្គរាជទូតម៉ាឡេស៊ីទើបតែងតាំងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឯកអគ្គរាជទូតម៉ាឡេស៊ី​ បានគោរពជម្រាបជូនសម្តេចធិបតីថា លោកពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលត្រូវបានតែងតាំង​ ជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានជម្រាបជូនអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា ។

លោកឯកអគ្គរាជទូតថ្មីរូបនេះ ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក Shaharuddin Bin Onn និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំង ជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចធិបតី បានផ្តាំផ្ញើការសួរសុខទុក្ខ​ ជូនចំពោះលោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន​ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ម៉ាឡេស៊ីផងដែរ។

ក្នុងជំនួបនេះដែរ សម្តេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យនយោបាយ, សន្ដិសុខ និង​ការពារជាតិ, សេដ្ឋកិច្ច, ទេសចរណ៍ , អប់រំនិង​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ បន្ថែមលើនេះ សម្តេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការជំរុញនូវកិច្ច សហប្រតិបត្តិការលើការបង្កើត សួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជា ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ លោកឯកអគ្គរាជទូត ទទួលបានជោគជ័យក្នុងការ បំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តឱ្យលោកឯកអគ្គរាជទូត បន្តធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា៕

To Top