បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Igor Zhovkva អគ្គសេនាធិការរងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយថា អ៊ុយក្រែនមិនចាប់អារម្មណ៍នឹងសំណើរបស់នាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban ដើម្បីបញ្ឈប់ការប្រយុទ្ធជាមួយរុស្ស៊ីនោះទេ។
លោក Orban បានមកដល់ទីក្រុងទីក្រុងគៀវកាលពីថ្ងៃអង្គារ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់អ៊ុយក្រែនក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយមកនេះហើយលោកក៏បានធ្វើការថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជួបលោក Zelensky ដោយក្នុងនោះលើកឡើងនូវគំនិតនៃ បទឈប់បាញ់រហ័សដើម្បីពន្លឿនការចរចាផងដែរ។
លោក Zhovkva បាននិយាយនៅលើកញ្ចក់ទូរទស្សន៍អ៊ុយក្រែនថា៖លោកOrban បានបញ្ចេញមតិរបស់គាត់ប៉ុន្តែទោះបីជាយ៉ាងណាក្តី នេះមិនមែនជាប្រទេសដំបូងគេទេ ដែលនិយាយអំពីការអភិវឌ្ឍន៍ដែលអាចកើតមានបែបនេះ។
មន្ត្រីរូបនេះបានបន្តដោយកត់សម្គាល់ថា៖ ជំហររបស់អ៊ុយក្រែនគឺច្បាស់លាស់ អាចយល់បាន និងស្គាល់ច្បាស់ថាបទឈប់បាញ់មិនអាចត្រូវបានចាត់ទុកក្នុងភាពឯកោឡើយ។
មេដឹកនាំអ៊ុយក្រែនបានបង្ហោះនូវការលក្ខខណ្ឌដប់ចំណុច នៅចុងឆ្នាំ២០២២ ដែលរួមមានការដករុស្ស៊ីចេញពីទឹកដីទាំងអស់ដែលក្រុងគៀវអះអាងថាជារបស់ខ្លួន ការបង់ប្រាក់សំណង និងការបញ្ជូនទៅកាន់តុលាការឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងពង្រាងកិច្ចព្រមព្រៀង ដែលអាចធ្វើឲ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពបាន៕
ប្រែសម្រួល៖ស៊ុនលី