ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ កែសម្រួលថ្ងៃធ្វើការ នៃការផ្តល់សេវា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឲ្យដំណើរ ការពីថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរនិងលិខិតឆ្លងដែនធម្មតា ប្រចាំនៅផ្សារអីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយថ្ងៃច័ន្ទនិងអង្គារ ជាថ្ងៃឈប់សម្រាកវិញ ។

ប៉ុន្តែសម្រាប់ថ្ងៃឈប់ សម្រាកនេះ ក៏នឹងដាក់មន្ត្រីប្រចាំការ ដើម្បីបើកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋ ដែលដល់ថ្ងៃត្រូវមកទទួលយក។ នេះបើយោងតាមលិខិតរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ផ្ញើទៅប្រធានក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី កាលពីថ្ងៃ១ កក្កដា ។

ការសម្រេចកែថ្ងៃធ្វើការងារនេះ ដើម្បីសម្រួលដល់មន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការមមាញឹក ក្នុងម៉ោងការងាររដ្ឋបាល និងដើម្បីមានពេលវេលាសម្រាប់ថែទាំប្រព័ន្ធគ្រប់គ្រង ៕

To Top