ភ្នំពេញ៖ លោកឧកញ៉ា សិន ចន្ធី បញ្ជាក់ថា កំណើននៃការដឹកជញ្ជូនក្នុងរង្វង់ ១០% នេះ ដោយសារកម្ពុជាបាននាំចេញនូវវិស័យកសិកម្មច្រើនទៅកាន់ទីផ្សារបរទេស បើធៀបទៅនឹងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក៏មានវិស័យមួយចំនួនមានការធ្លាក់ចុះដែរ ដូចជាវិស័យវាយនភណ្ឌកាត់ដេរ និងគ្រឿងបង្គុំជាដើម។ តែទោះជាយ៉ាងណា លោកឧកញ៉ាថា ជារួមគឺការនាំចេញរបស់កម្ពុជាមានការកំណើននៅឆ្នាំនេះ។

លោកឧកញ៉ា ស៊ិន ចន្ធីថ្លែង « និយាយទៅវិស័យដឹកជញ្ជូនវាមានការកើនឡើងចន្លោះ ១០% ពីព្រោះយើងឃើញថា តួលេខកំពង់ផែខេត្តព្រះសីហនុកាលពីឆ្នាំមុន វាឡើង ២០% ហើយបើមកដល់ឆ្នាំនេះ តួលេខគិតត្រឹមខែមិថុនានេះ ជិត ៣០% ។ អ៊ីចឹងវាឡើងក្នុងរង្វង់ ១០% ហ្នឹងហើយ»។
ទាក់ទិននឹងបញ្ហានេះ លោក ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការកើនឡើងនៃការនាំចេញទំនិញរបស់កម្ពុជាដោយសារតែមានតម្រូវការនៅទីផ្សារអន្តរជាតិ និងបានចាប់ផ្ដើមមានភាពល្អប្រសើរឡើង បើទោះបីស្ថានភាពសង្គ្រាមនៅលើពិភពលោកមិនទាន់ធូរស្រាលខ្លាំងក៏ដោយ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា នៅក្នុងរយៈពេល ៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ២១ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៣ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបន្ថែមថា ក្នុងនោះ ទំនិញកម្ពុជានាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិបានជាង ១០,០៧ពាន់លានដុល្លារ កើន ១៥,៤ភាគរយ ខណៈទំនិញនាំចូល ១១,២៦ពាន់លានដុល្លារ កើន ១៣ភាគរយ៕

