ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំឱ្យពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីគ្រប់គ្រងក្នុងសេដ្ឋកិច្ចមានចំនួន៦៤% ហើយពលករជាស្ត្រី ក៏មានចំនួនច្រើនរហូតដល់ទៅ៧៥%។
ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះដែរ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងពីការរីកចម្រើនដែលស្ត្រីបានដើរតួនាទីក្នុងវិស័យសេដ្ឋកិច្ចនិងការងារដែលយោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ បានបង្ហាញថាស្ត្រីចំនួន៦១,៨% ជាអ្នកតំណាងក្នុងចំណោមអង្គការសរុបនៅកម្ពុជា។ ហើយស្ត្រីភាគច្រើន បានដើរតួនាទីក្នុងការដឹកនាំនៅក្នុងសហគ្រាសធុនតូច និងមធ្យមក្នុងការលក់ផលិតផលទៅកាន់ទីផ្សារ។
តាមការសង្កេត ស្ត្រីបានដើរតួនាទីច្រើននៅក្នុងការអភិវឌ្ឍសហគមន៍ កសិកម្មចម្រុះ និងក្រុមផលិតមានសារៈសំខាន់ដែលស្ត្រីបានដឹកនាំការអភិវឌ្ឍមានសមត្ថភាពលើជំនាញផលិតកម្ម និងការគ្រប់គ្រងអាជីវកម្មនៅតាមសហគមន៍ផងដែរ និងបានដើរតួនាទីក្នុងការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនិងសហគមន៍តាមរយៈមុខរបរក្រៅពីកសិកម្មនិងសេវាអេកូទេសចរណ៍និងសហគមន៍តំបន់ការពារធម្មជាតិ។
ជាការឆ្លើយតប សម្ដេចតេជោ បានសង្កត់ធ្ងន់ថា «យើងត្រូវខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច»។
សម្ដេចតេជោ លើកឡើងថា ត្រូវធ្វើការបន្ស៊ីគ្នារវាង អំណាចសេដ្ឋកិច្ច និងការអប់រំ គឺធ្វើយ៉ាងណាបង្កើនចំណេះដឹងដល់ក្រុមស្ត្រី ព្រោះតាមការសង្កេតការសិក្សានៅក្នុងបឋមសិក្សានិងមធ្យមសិក្សាគឺមិនសូវមានគម្លាតគ្នារវាងបុរស ស្ត្រី កុមារានិងកុមារី ទេ តែនៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ថ្នាក់បញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ចំនួនស្ត្រីមានការថយចុះ។
សម្ដេច បានផ្ដល់អនុសាសន៍ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់ ជាចុងក្រោយ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថាត្រូវពង្រឹងអំណាចសេដ្ឋកិច្ចគួបផ្សំនឹងអំណាចចំណេះដឹង គឺត្រូវជំរុញយ៉ាងណាឱ្យស្ត្រីដែលកំពុងដឹកនាំក៏ដូចជាស្ត្រីដែលកំពុងសិក្សា ឱ្យបន្តជំនាញចំណេះដឹង ខាងបច្ចេកវិទ្យា ដើម្បីឱ្យគាត់អាចគ្រប់គ្រងទាន់សភាពការណ៍។
សម្ដេចតេជោ បានណែនាំឱ្យខិតខំរកវិធីយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ៕