ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសអាជីវកម្មផ្លូវភេទ ជួញដូរកម្លាំងពលកម្ម និងបទល្មើសចរាចរណ៍។
នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបង្ហាញក្ដីសង្ឃឹមថា ក្រោមការដឹកនាំអភិបាលខេត្តថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញទាំង ក្នុងវិស័យវិនិយោគ និងទេសចរណ៍ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
ដើម្បីធានាសម្រេចបានគោលបំណងខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការបន្តពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ពាក់ព័ន្ធការងារនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីចំណាត់ការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលមានការប្រឈមនៅខេត្តភាគនិរតីមួយនេះ ដូចជា៖ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសពាក់ព័ន្ធគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុ កន្លងមកនេះ បានដឹកនាំមន្ត្រី កងកម្លាំង និងកៀរគរការចូលរួមពីប្រជាពលរដ្ឋ ដើម្បីពង្រឹងគុណភាពសេវាសាធារណៈ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្ត ជាពិសេសក្នុងក្រុងព្រះសីហនុនេះ មានការថយចុះ ប្រជាពលរដ្ឋមានការសាទរ និងគាំទ្រពីភ្ញៀវទេសចរ និងវិនិយោគិន ជាតិនិងអន្តរជាតិ ក៏ទទួលបានភាពកក់ក្ដៅ។
ប្រមុខក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា «រដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសអាជីវកម្មផ្លូវភេទ ជួញដូរកម្លាំងពលកម្ម និងបទល្មើសចរាចរណ៍ ពិសេសការរឹតបន្តឹងច្បាប់នៅពេលយប់ និងផ្ដោតលើមុខសញ្ញាមិនពាក់មួកសុវត្ថិភាព ព្រមទាំងយកចិត្តទុកដាក់បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងធានាឱ្យបាននូវសោភណ្ឌភាព និងអនាម័យតំបន់ឆ្នេរប្រកបដោយភាពទាក់ទាញ»។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានគូសបញ្ជាក់អំពីបទល្មើសគ្រឿងញៀន បើទោះបីជាប្រតិបត្តិការក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ បង្ក្រាបបានច្រើនករណី ដោយរឹបអូសគ្រឿងញៀនរហូតដល់ជាង ៥តោន ក៏មិនមែនមានន័យថា «បញ្ហាគ្រឿងញៀន បានថយចុះនោះដែរ»។ ផ្ទុយទៅវិញ លោក បានជំរុញឲ្យរដ្ឋបាលខេត្ត រួមទាំងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះ ត្រូវបំផុសចលនាចូលរួមពីគ្រប់ភាគី ដោយអនុវត្តវិធានការណ៍ ៣កុំ ១រាយការណ៍៕