ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា គុណភាព នៃការអប់រំ គឺជាកត្តាកំណត់នៃការអភិវឌ្ឍប្រទេសជាតិ ហើយឆ្អឹងខ្នង នៃវិស័យអប់រំ គឺគុណភាពគ្រូបង្រៀនផងដែរ។
នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៤ កក្កដា សម្តេចធិបតី លើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវមានការត្រៀមឯកសារ និងការស្រាវជ្រាវបន្ថែមទៀតសម្រាប់បង្រៀនសិស្ស និស្សិតរបស់ខ្លួន។
សម្តេចធិបតីបន្ដថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ពីព្រោះលោកគ្រូ អ្នកគ្រូដែលខ្លាំង និងបណ្ដុះបណ្ដាលបានសិស្សខ្លាំង និងមានគុណភាពខ្ពស់ដូចគ្នាដែរ។ សម្ដេចថា គុណភាពគ្រូ គឺជាកត្តាគន្លឹះក្នុងការធានាគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេស។
សម្ដេចធិបតីមានប្រសាសន៍ថា «ការអប់រំ ការបណ្ដុះបណ្ដាល គុណភាពនៃការអប់រំសំខាន់ណាស់ គុណភាពនៃការអប់រំ គឺជាកត្តាកំណត់នៃអភិវឌ្ឍន៍ប្រទេស។ ឆ្អឹងខ្នង នៃវិស័យអប់រំ គឺគ្រូបង្រៀនហ្នឹងឯងជាឆ្អឹងខ្នងដែលទ្រនូវវិស័យអប់រំ គឺគ្រូហ្នឹងឯង។ គុណភាព គឺជាកត្តាគន្លឹះ ក្នុងការធានាគុណភាពអប់រំ សមត្ថភាពរបស់ប្រទេស នៅក្នុងការអភិវឌ្ឍ នេះជាការភ្ជាប់គ្នា»។
សម្ដេចធិបតីបន្ដថា បើសិនគ្រូមិនពូកែ សិស្សចេញទៅធ្វើការងារក៏មិនឈ្នះគេដែរ ដូច្នេះការបណ្ដុះបណ្ដាលគ្រូបង្រៀន គឺជារឿងសំខាន់បំផុត។ ជាមួយគ្នានេះដែរ សម្តេចក៏បានថ្លែងការគាំទ្រ និងកោតសរសើរចំពោះក្រសួងអប់រំបានដាក់ចេញផែនការគោលនយោបាយ និងកម្មវិធីកំណែទម្រង់វិស័យអប់រំ ដើម្បីធានាបានប្រសិទ្ធភាព និងគុណភាពខ្ពស់នៃការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។
សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមានក្របខ័ណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និងប្រកបដោយគុណភាព ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការអនុវត្តកំណែទម្រង់សាលារៀន៕