ភ្នំពេញ៖ ក្នុង ១ថ្ងៃៗ ភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរចន្លោះពី ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។ នេះ បើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
ប្រភពដដែលបន្ថែមថា សម្រាប់ជើងហោះហើរចូលមកកាន់ខេត្តសៀមរាបវិញ មានចន្លោះពី ១៤-១៩ ជើងហោះហើរក្នុងមួយថ្ងៃ។ ក្នុងនោះមានមកពីបាងកក (៥-៦ជើងក្នុងមួយថ្ងៃ) ហូជីមីញ (៣ជើងក្នុងមួយថ្ងៃ) ដាណាង(១ជើងក្នុងមួយថ្ងៃ) ហាណូយ (២ជើងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ជើងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជើងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជើក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជើងក្នុងមួយថ្ងៃ) ។
បើតាមអាជ្ញាធរជាតិអប្សរា ភ្ញៀវទេសចរចម្រុះជាតិសាសន៍ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានទស្សនាប្រាសាទអង្គរវត្តមានជាឯកជន គ្រួសារ មិត្តភក្តិ និងខ្លះមានមគ្គុទ្ទេសក៍អធិប្បាយរឿងរ៉ាវប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ស្ថាបត្យកម្ម និងថតផ្តិតរូបភាពផង មុននឹងបន្តដំណើរទៅទស្សនានៅតាមប្រាង្គប្រាសាទ និងគោលដៅទេសចរណ៍សំខាន់ៗជាច្រើនទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងរយៈពេល ៦ខែ ចាប់ពីខែមករា ដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទៅទស្សនាអង្គរមានចំនួន៥២ម៉ឺន១ពាន់៩៥០នាក់ ដោយរកចំណូលបានចំនួន ២៤លាន ៣៥ម៉ឺន៧ពាន់៦៩៥ ម៉ឺនដុល្លារ ។
ប្រភពដដែលបន្ថែមថា ចំណែកនៅក្នុងខែមិថុនា ឆ្នាំ២០២៤ កន្លងមកនេះ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន៤ម៉ឺន៩ពាន់៦៩២នាក់ រកចំណូល ថវិកាចំនួន ២លាន១៥ម៉ឺន៨០៤ដុល្លា កើនឡើងជាង១៨ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
រមណីយដ្ឋានអង្គរស្ថិតនៅក្នុងខេត្តសៀមរាប មានទំហំ ៤០១គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមនៅប្រទេសអាស៊ីអាគ្នេយ៍ ហើយកាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្តបានស្ថិតនៅលំដាប់លេខ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី៕








