ព័ត៌មានជាតិ

ក្រសួងសាធារណការ នឹងដាំបង្គោលផ្លាកសញ្ញា “មហាវិថី ស៊ី ជីនពីង” នៅថ្ងៃ១៩ កក្កដា

ភ្នំពេញ ៖ ក្រសួងសាធារណការ ​និង ដឹកជញ្ជូន នឹងដាំបង្គោលផ្លាកសញ្ញា«មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវ ក្រវាត់ក្រុងទី៣ នាថ្ងៃ១៩ កក្កដា ខាងមុខនេះ ។ ការដាំបង្គោលឈ្មោះផ្លូវមេដឹកនាំកំពូលចិន ដែលជាមិត្តដែកថែប របស់កម្ពុជានេះ ក៏ធ្វើឡើងស្របនឹង ការអបអរសាទរ ខួបអនុស្សារវីយ៍លើកទី៦៦ នៃការទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ផងដែរ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ នាថ្ងៃ៤ កក្កដា ។

លោក ផន រឹមក៏បានរៀបរាប់ ពីមហាវិថី ស៊ី ជីនពីងនេះថា មានតំនរភ្ជាប់ទៅផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ ទៅផ្លូវជាតិលេខ៦ ដោយបានប្រែក្លាយទៅជាតំបន់ក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ សម្រាប់បម្រើឲ្យការដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅ ផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណត ផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញ ឲ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

សូមបញ្ជាក់ថា កំណាត់​ផ្លូវ​ខ្សែក្រវាត់ក្រុង​ទី៣ ត្រូវបានចំណាយថវិកា សាងសង់ជាង២៧៣លាន​ដុល្លារ ក្រោម​ជំនួយ​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាលចិន រួមជាមួយ​ថវិកា​បដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជា ដោយចាយពេលសាងសង់​អស់​​៥២ខែ ហើយបញ្ចប់ការ​សាងសង់​កាលពី​ខែមិថុនា ឆ្នាំ២០២៣ ត្រូវបាន​ដាក់ឲ្យ​ប្រើ​ប្រាស់ជាផ្លូវការកាលពីថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៣ ៕

To Top