ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានថ្លែងថា បើទោះជាប្រជាពលរដ្ឋកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែមានមោទកភាពដែលបានកើតទាន់ការជីកព្រែកហ្វូណនតេជោ។
ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួបពិភាក្សាបែងចែកភារកិច្ចដោយផ្ទាល់ ជូនដល់សមាជិកគណៈកម្មការអន្តរក្រសួងរៀបចំពិធីបើកការដ្ឋានទាំងអស់ ដើម្បីធានាដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងកិច្ចការងាររៀបចំពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលជាព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្ត ប្រកបដោយមោទកភាព។
ព្រឹត្តិការណ៍បើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹងប្រារព្ធឡើងក្នុងភូមិសាស្ត្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រំពឹងថា នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីលើកទីមួយរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដោយហេតុថា គម្រោងព្រែកជីកហ្វូណនតេជោនឹងតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។
លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថា បន្ទាប់ពីគម្រោងនេះបានបញ្ចប់ការសាងសង់រួចរាល់ នឹងផ្ដល់ត្រឡប់មកនូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច សង្គម ទេសចរណ៍ ពិសេសឯករាជ្យភាពនយោបាយដឹកជញ្ជូនរបស់កម្ពុជា តាមរយៈការចូលរួមកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះគ្រោះថ្នាក់ចរាចរណ៍ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចេញចូល និងបង្កើនពហុមធ្យោបាយដឹកជញ្ជូនកម្ពុជាផងដែរ។
សូមជម្រាបជូនថា គម្រោងផ្លូវនាវាចរណ៍នេះ បានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ” ហើយក្នុងនោះកម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌរួចរាល់នូវកាតព្វកិច្ចជូនដំណឹងអំពីគម្រោងនេះទៅគណៈកម្មការទន្លេមេគង្គ(គណៈកម្មការរួម) តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា៕





