ព័ត៌មានជាតិ

យុវទូតនិស្សិត នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនរៀបចំសិក្ខាសាលា «ជំនាញខ្ញុំ (Meet Me, Meet My Major)» ជាលើកទី២ នៅខេត្តសៀមរាប

យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ថ្មីៗនេះបានប្រកាសពីការធ្វើសិក្ខាសាលា «ជំនាញខ្ញុំ (Meet Me, Meet My Major)» ជាលើកទី២ ដែលជាសិក្ខាសាលាផ្តួចផ្តើមដោយនិស្សិត ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសាកលវិទ្យាល័យ ដល់សិស្សវិទ្យាល័យមុនឈាន ចូលបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ សិក្ខាសិលា នេះ គ្រោងនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាល័យចំនួន ៣ ក្នុងខេត្តសៀមរាប។

សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២» មានគោលបំណងផ្តល់ការយល់ដឹង ដល់សិស្សានុសិស្សដែលជិត នឹងបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ពីមុខជំនាញសាកលវិទ្យាល័យឱ្យបានច្បាស់ និងឱកាសអាហារូបករណ៍នៅកម្រិតបរិញ្ញាបត្រ។ ដោយមើលឃើញ ពីអត្ថប្រយោជន៍នៃការស្វែងយល់ អំពីមុខជំនាញសិក្សាឱ្យបានស៊ីជម្រៅ សិក្ខាសាលានេះ ប្រព្រឹត្តឡើងដោយមានការចូលរួមពី និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ រួមទាំងនិស្សិតមកពីសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផងដែរ។ តាមរយៈការជួបជជែកដោយផ្ទាល់ សិស្សានុសិស្សវិទ្យាល័យដែលបានចូលរួម នឹងទទួលបានចំណេះដឹងចម្រុះ ពីជំនាញសិក្សានៅថ្នាក់បរិញ្ញាបត្រ ដែលអនុញ្ញាតឱ្យសិស្សានុសិស្ស ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង អំពីជំនាញសិក្សាសម្រាប់អនាគតរបស់ពួកគេ។

សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២» នេះ នឹងធ្វើឡើងនៅវិទ្យាល័យចំនួន ៣ ក្នុងខេត្តសៀមរាប រួមមានវិទ្យាល័យហ៊ុនសែនសៀមរាប វិទ្យាល័យហ៊ុនសែនវត្តស្វាយ និងវិទ្យាល័យអង្គរ។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ធានាថាសិស្សវិទ្យាល័យដែលមកពី មជ្ឈដ្ឋានផ្សេងៗគ្នាអាចមានឱកាសចូលរួម និងទទួលបានចំណេះដឹង និងព័ត៌មានពីជំនាញសិក្សា និងឱកាសអាហារូបករណ៍នៅថ្នាក់បរិញ្ញាបត្រ។ លើសពីនេះដែរ សិក្ខាសាលានេះ ក៏មានគោលបំណងផ្តល់មូលដ្ឋានគ្រឹះ ដល់សិស្សវិទ្យាល័យ ស្វែងយល់ពីមុខជំនាញដែលពួកគេ ចង់សិក្សានៅកម្រិតឧត្តមសិក្សា និងចៀសវាងការសម្រេចចិត្តខុស។

សិស្សានុសិស្សដែលចូលរួម នឹងអាចទទួលបានការយល់ដឹងយ៉ាងម៉ត់ចត់ អំពីភាពខុសគ្នារវាងមុខជំនាញសិក្សានីមួយៗ និងទទួលបានការយល់ដឹង កាន់តែស៊ីជម្រៅទៅលើវិស័យសិក្សា ជាក់លាក់ដែលពួកគេចាប់អារម្មណ៍។ សិស្សដែលបានចូលរួមគម្រោង ក៏នឹងមានឱកាសទទួលបានព័ត៌មាន អំពីអាហារូបករណ៍ និងជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ ការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដែលបង្ហាញដោយ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និងIDP Education(Cambodia)។

សិក្ខាសាលានេះ អាចបន្តធ្វើឡើងក្នុងឆ្នាំទី២ ដោយមានការគាំទ្រពីដៃគូឧបត្ថម្ភផ្សេងៗ ដែលរួមមានសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាអ្នកឧបត្ថម្ភធំ ខណៈមានការសហការឧបត្ថម្ភដោយ IDP Education (Cambodia) និង Indomie Cambodia។ លើសពីនេះ ធនាគារ Phillip ក៏ដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកឧបត្ថម្ភ រួមជាមួយនឹងអ្នកឧបត្ថម្ភផ្សេងទៀតជាច្រើន និងដៃគូប្រព័ន្ធផ្សព្វផ្សាយ។

តាមរយៈសិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២ (Meet Me, Meet My Major 2.0)» ក្រុមយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សង្ឃឹមយ៉ាងម៉ុតមាំថានឹងអាចចូលរួម ចំណែកជាវិជ្ជមានដល់ប្អូនៗសិស្សានុសិស្ស កម្រិតវិទ្យាល័យលើដំណើរនៃ ការអប់រំរបស់ពួកគេនាពេលអនាគត ៕
 

To Top