ភ្នំពេញ៖ យុវជន វុទ្ធីភារុណ មកពីខេត្តកំពង់ធំ បានទទួលការងារ ធ្វើភ្លាមៗ ជាមួយប្រាក់ខែសមរម្យ អាចជួយសម្រាលបន្ទុកឪពុកម្តាយ បានមួយកម្រិតថែមទៀត ក្រោយបញ្ចប់ការសិក្សាជំនាញបរិក្ខារត្រជាក់ ក្នុងគេហដ្ឋាន នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITT)។

លោក វុទ្ធី ភារុណ អតីតសិក្ខាកាមជំនាញ បរិក្ខារត្រជាក់ក្នុងគេហដ្ឋាន នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឱ្យដឹងថា ក្រោយរៀនចំជំនាញ បច្ចេកទេសបរិក្ខា ត្រជាក់ចប់ភ្លាម សាលាក៏បានជួយយកប្រវត្តិរូបសង្ខេបទៅ ដាក់នៅក្រុមហ៊ុនមួយឈ្មោះថា CDS ហើយខាងក្រុមហ៊ុន ក៏បានហៅទៅសម្ភាស និងផ្តល់ការងារឱ្យធ្វើតែម្តង ។
លោកនិយាយថា៖«គ្រាន់តែរៀន ចប់ភ្លាម គ្រូយក CV ខ្ញុំទៅដាក់នៅក្រុមហ៊ុន CDS ហើយក្រុមហ៊ុនគេទាក់ទងមកខ្ញុំ ឲ្យទៅសម្ភាសស្អែកឡើង ខ្ញុំចូលធ្វើការតែម្តង»។

លោកប្រាប់ថា ដំបូងលោកធ្វើជាងម៉ូតូ ប៉ុន្តែក្រោយមកក៏ទទួលបានព័ត៌មានថា មានការបណ្តុះបណ្តាលជំនាញ បច្ចេកទេសបរិក្ខាត្រជាក់ ដែលជំនាញនេះត្រូវជាមួយចំណង់ចំណូលចិត្តផងនោះ លោកក៏សម្រេចចិត្តចូលរៀន ។

លោកថា ការរៀនជំនាញនេះបានជួយឱ្យលោកមាន ចំណេះជំនាញមួយពិតប្រាកដ ថែមទាំងមានចំណូលបន្ថែមតាំងពីលោកចូលរៀនម្លេះ ព្រោះថា ការរៀនជំនាញបច្ចេកទេសនេះ លោករៀនផងធ្វើការងារចាស់ដែលជាជាងម៉ូតូផង ហើយការចុះឈ្មោះចូលរៀន លោកប្រើបណ្ណសមធម៌ ដែលទទួលបានការសិក្សា ដោយឥបង់ថ្លៃ ហើយថែមទាំងមានប្រាក់ឧបត្ថម្ភ១ខែ២៨ម៉ឺនរៀលទៀតផង ។ ជាពិសេសនៅពេលបញ្ចប់ការសិក្សាភ្លាម លោកក៏មានការងារធ្វើ អាចរកចំណូលជួយក្រុមគ្រួសារបាន១កម្រិតបន្ថែមទៀត ។

លោកបានអំពាវនាវ ដល់យុវជនដទៃទៀត ដែលចង់មានជំនាញពិតប្រាកដ ដោយចំណាយពេលខ្លី រៀនឆាប់ចប់ ឆាប់មានការងារធ្វើ ទទួលបានប្រាក់ខែ សមរម្យ អាចទៅចុះឈ្មោះចូលរៀន តាមជំនាញដែលខ្លួនពេញចិត្ត ៕
