ព័ត៌មានជាតិ

សម្តេចធិបតី ជឿជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួន ប្រកបដោយជោគជ័យ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួន ប្រកបដោយជោគជ័យ​​ ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ក្នុងរយៈពេលជាង ១០ខែកន្លងទៅនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ ព្រមទាំងវឌ្ឍនភាពល្អ ប្រសើរជាច្រើន ទាំងនៅតាមបណ្តាការដ្ឋានកែទម្រង់ និងទិសដៅការងារផ្សេងទៀត ។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំង៥ កំពុងត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងបានផ្តល់ផលប្រយោជន៍យ៉ាងវិជ្ជមាន ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។

ជាក់ស្តែង នៅក្នុងបរិការណ៍ដែលពិភពលោក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា កម្ពុជារក្សាបាននូវសុខ សន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខណៈដែលស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ក៏ត្រូវបានពង្រឹងតាម រយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ វឌ្ឍនភាពដ៏ល្អប្រសើរទាំងនេះ មិនអាចសម្រេចបានឡើយ ដោយគ្មានការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ពីគ្រប់តួអង្គពាក់ព័ន្ធ ។

ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីម្ចាស់ការ និងបុរេសកម្មរបស់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបាន និងកំពុងរួមគ្នាអនុវត្តការងារ នៅក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

សម្តេចធិបតី សង្ឃឹមជឿជាក់ថា «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួន ប្រកបដោយជោគជ័យ និងមោទនភាព ដើម្បីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការកសាងសមិទ្ធផលជូន ជាតិមាតុភូមិក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ»៕

To Top