ព័ត៌មានជាតិ

លោក ឃួង ស្រេង ផ្ញេីលិខិតរំលែកទុក្ខ ជូនលោកស្រី ឆាង ស៊ាម ចំពោះមរណភាព លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និង លោក ឃួង ស្រេង ផ្ទាល់ មានក្តីរន្ធត់ចិត្ត ឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងថា លោកសន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយជរាពាធ។

តាមរយៈសារលិខិតរំលែកទុក្ខ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃ៥កក្កដានេះ បានបញ្ជាក់ថា មរណភាពរបស់ លោកសន្តិបណ្ឌិតរដ្ឋលេខាធិការ គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក ជីតា និងញាតិមិត្តនៃ ក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលធ្លាប់មាន ស្នាដៃរួមចំណែកយ៉ាងសកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅគ្រប់កាលៈទេសៈ ទាំងអស់ ដើម្បីបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នាពេលកន្លងមក ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាននេះ លោក ឃួង ស្រេង សូមសម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្តីសោកសៅជាមួយ លោកស្រី និងក្រុមគ្រួសារ ញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកសន្តិបណ្ឌិត អ៊ុក គឹមលេខ សូមបានទៅកាន់ឋាន បរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

To Top