ព័ត៌មានជាតិ

ទូតថ្មីនៃមហាអំណាចចិន មកដល់ទឹកដីកម្ពុជា ចំពេលរដ្ឋមន្ត្រីការបរទេសជប៉ុន បំពេញទស្សនកិច្ចផ្លូវការ ២ថ្ងៃ

រូបភាព៖ BTV

ភ្នំពេញ៖ លោក វ៉ាង វិនបិន (Wang Wenbin) ដែលគេស្គាល់ថា ជាអ្នកនយោបាយការទូតដ៏ឆ្នើមម្នាក់របស់ចិន នៅរាត្រីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញតួនាទី របស់លោកជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ការអញ្ជើញមកដល់នេះ ក៏ចំពេលដែលលោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ (៥-៦​ កក្កដា) នៅកម្ពុជាផងដែរ។

លោក វ៉ាង វិនបិន (Wang Wenbin) មានវ័យ៥៣ឆ្នាំ​ មានដើមកំណើតនៅស្រុកតុង​ឆឹង​ ខេត្តអាន​ហួយ​ នៃប្រទេសចិន​។ លោក វ៉ាង វិនបិន ជាមន្ត្រីការទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ធ្លាប់បានឆ្លងកាត់ ធ្វើជាអនុប្រធាននិង​ជា​អ្នកនាំពាក្យ​នៃ​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងការបរទេស​ ចិន ។

គួររម្លឹកផងដែរថា នៅឆ្នាំ១៩៩៤ លោក វ៉ាង វិនបិន បានបម្រើការជាបុគ្គលិកនៃស្ថានទូតចិនប្រចាំប្រទេសសេណេហ្គាល់។ នៅឆ្នាំ១៩៩៦ លោកត្រូវបានផ្ទេរទៅជាបុគ្គលិក​ នៅអគ្គកុងស៊ុល​នៃស្ថានកុងស៊ុលចិន នៅទីក្រុង Douala។ នៅឆ្នាំ ១៩៩៧ លោកបានបម្រើការជាអនុព័ន្ធ និងលេខាធិការទីបី​ នៃនាយកដ្ឋានអឺរ៉ុបខាងលិច​ នៃក្រសួងការបរទេស។ នៅឆ្នាំ១៩៩៩ លោកបានបម្រើការជាលេខាទីបី នាយករង​ និងជានាយកការិយាល័យស្រាវជ្រាវគោលនយោបាយ​ នៃក្រសួងការបរទេស។ នៅឆ្នាំ២០០២ លោកបានបម្រើការជាលេខាទី១ និងជាទីប្រឹក្សា​ នៃការិយាល័យទូទៅ​ នៃក្រសួងការបរទេស។ នៅឆ្នាំ២០០៤ លោកត្រូវបានផ្ទេរទៅការិយាល័យទូទៅ​ នៃក្រុមប្រឹក្សារដ្ឋជាលេខាធិការរបស់លោក ថាង​ ជែសៀន។
ក្នុង​ឆ្នាំ២០០៦ លោក​បាន​បម្រើការ​ជា​ទីប្រឹក្សា​នយោបាយ និង​ជា​ភារធារី​ នៃ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ម៉ូរីស ហើយ​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​អនុប្រធាន​នាយកដ្ឋាន។ នៅ​ឆ្នាំ២០១០ លោក​បាន​ត្រឡប់​មក​ធ្វើ​ជា​ទីប្រឹក្សា​ នៃ​នាយកដ្ឋាន​ផែនការ​គោលនយោបាយ​ នៃ​ក្រសួងការបរទេស​វិញ។ ក្នុងឆ្នាំ២០១៣ លោកបានបម្រើការជាអនុប្រធាននាយកដ្ឋានផែនការគោលនយោបាយ​ នៃក្រសួងការបរទេស។ នៅខែកក្កដា ឆ្នាំ២០១៧ លោកបានបម្រើការជាប្រធានស្តីទី​ នៃនាយកដ្ឋានផែនការគោលនយោបាយ​ នៃក្រសួងការបរទេស។ ចាប់ពីខែឧសភា ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ លោកបានបម្រើការជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅសាធារណរដ្ឋទុយនីស៊ី ហើយត្រូវបានតម្លើងឋានៈដល់ថ្នាក់នាយកដ្ឋាន។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកបានចូលកាន់តំណែងជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន​ និងជាអនុប្រធានទីមួយ​ នៃនាយកដ្ឋានព័ត៌មានដែលមានឋានៈជាអគ្គនាយក។

លោកបានបំរើការជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ពីខែកក្កដា២០២០រ ហូតដល់ខែ​ឧសភា២០២៤។ អ្នកការទូតអាយុ​៥៣ឆ្នាំរូបនេះ បានបំពេញមុខងារការទូតអស់រយ:ពេល៣០ឆ្នាំមកហើយ ក្នុងវិស័យរៀបចំផែនការ និងកិច្ចការនយោបាយ នៃបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ មុននេះលោកក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសទុយនីស៊ីផងដែរ។

To Top