ភ្នំពេញ ៖ ដោយទទួលបាន គោលការណ៍ឯកភាព ពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ,អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាន នគរបាលជាតិ បើប្រតិបត្តិការចុះឆែកឆេរ ស្វែងរកវត្ថុហាមឃាត់ តាមមណ្ឌលអប់រំកែប្រែ និង ពន្ធនាគារទូទាំងប្រទេស។

ប្រតិបត្តិការនេះ សំដៅធានាសន្តិសុខ សុវត្ថិភាព បង្ការទប់ស្កាត់ បទល្មើសផ្សេងៗ ពិសេសទូរសព្ទដៃ និងគ្រឿងញៀន រួមទាំងវត្ថុសម្ភារៈបង្កហានិភ័យ ដែលជនជាប់ឃុំលួចលាក់នាំចូល ឬរក្សាទុក ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុង របស់អគ្គនាយកដ្ឋានពន្ធនាគារ។

អនុវត្តន៍តាមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ អភិសន្តិបណ្ឌិត ស សុខា នៅថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដាក់បញ្ជាម៉ឺងមាត់ បើកយុទ្ធនាការឆែកឆេរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងរាជធានី-ខេត្ត។
លោក អគ្គនាយក បានចុះដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយ និងកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ សរុបចំនួន៤៤៧នាក់ ចុះឆែកឆេរមណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី១ និងពន្ធនាគាររាជធានីភ្នំពេញ។

កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង៣:៣០នាទីរសៀល។ ជាលទ្ធផលក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃើញ និងដកហូតទូរស័ព្ទ ចំនួន២គ្រឿង និងវត្ថុហាមឃាត់មួយចំនួន ដែលមិនផ្តល់ផលប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងពន្ធនាគារឡើយ។

លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងប្រតិបត្តិការចុះឆែកឆេរ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី -ខេត្តទូទាំងប្រទេស ព្រមទាំងស្នងការដ្ឋានរាជធានី-ខេត្ត ចំនួន៤៦៩នាក់ ទូទាំងរាជធានី-ខេត្ត ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន១៥៧៥នាក់ សរុបទាំងកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ និង កម្លាំងអគ្គនាយកដ្ឋាន ពន្ធនាគារមាន ចំនួន២០៤៤នាក់ ដែលបានចូលរួម យ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការ ដ៏មានសារៈប្រយោជន៍សំរាប់ការងារគ្រប់គ្រងពន្ធនាគារប្រកបដោយ សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់៕


