ភ្នំពេញ ៖ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បាននាំយកម៉ាស៊ីនស្កែន ដ៏ទំនើប MRI 3 Tesla ដែលជាម៉ាស៊ីនទំនើប ជាងគេបង្អស់និង មានបច្ចេកវិទ្យាថ្មីចុងក្រោយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខភាព ឲ្យកាន់តែប្រសើរឡើង ជាពិសេស ការលើកកម្ពស់គុណភាព សេវាសុខាភិបាលនៅកម្ពុជា។
ក្នុងពិធីបើកសម្ពោធម៉ាស៊ីនស្កែន MRI 3 Tesla របស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោកសាស្រ្ដាចារ្យ Attapoom Susupaus ប្រធានមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់ អង្គរ បានសម្ដែងការស្វាគមន៍ចំពោះការបើកសម្ពោធម៉ាស៊ីនស្កែនដ៏ទំនើប MRI 3 Tesla នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង MRI 1.5 Tesla នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ រួមជាមួយនឹងកម្មវិធីកាតសមាជិកថ្មី របស់មន្ទីរពេទ្យដែលហៅថា Prime និង Prime+ ដែលបង្កីតឡើង ដោយមន្ទីរពេទ្យបាងកក និងសាខាមន្ទីរពេទ្យរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
លោកសាស្រ្ដាចារ្យបញ្ជាក់ថា ដោយឈរលើទស្សនៈវិស័យ “លើកកម្ពស់សុខភាពរបស់អ្នក តាមរយៈការច្នៃប្រឌិត និងការរួមបញ្ចូលគ្នា” លោកសាស្រ្ដាចារ្យ ក៏សូមយកឱកាស នេះមកបង្ហាញដល់អ្នកចូលរួមកម្មវិធីទាំងអស់នៅថ្ងៃនេះ ពីសមត្ថភាព សេវាកម្ម ដែលមាននៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ និងផ្តល់ជូន ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើង នូវតម្រូវការថែទាំសុខភាព សហគមន៍របស់យើង។
លោកសាស្រ្ដាចារ្យថា «មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញជាមន្ទីរពេទ្យតំណាងមួយ នៃយុគសម័យថ្មីនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដ៏ល្អឥតខ្ចោះ ។ យើងបានធ្វើការវិនិយោគយ៉ាងសំខាន់ ទៅលើគ្រឿង បរិក្ខារពេទ្យ និងបច្ចេកវិទ្យាដ៏ទំនើបបំផុតដូចជា ម៉ាស៊ីន MRI 3 Tesla ដែលជាម៉ាស៊ីនស្កែនមួយ អាចផលិតរូបភាពវេជ្ជសាស្រ្ត ដ៏មានសក្តានុពល ហើយច្បាស់បំផុត វិភាគ វិនិច្ច័យប្រកបដោយសុក្រឹតភាពល្អិតល្អន់ ដោយមិនប្រើកាំរស្មីអិចទេ»។
ជាមួយគ្នានេះ លោកសាស្រ្ដាចារ្យ Attapoom Susupaus បានថ្លែងថា មន្ទីរពេទ្យក៏បានពង្រឹង នូវសមត្ថភាព ឯកទេសគ្លីនិកសំខាន់ៗរបស់យើងផងដែរ ដូចជាកម្មវិធីព្យាបាលជំងឺបេះដូង ដែលប្រើបច្ចេកវិទ្យាបរិក្ខារពេទ្យទំនើប ដូចជាម៉ាស៊ីនសម្រាប់ព្យាបាលការស្ទះសរសៃឈាមបេះដូងដែលហៅថា ម៉ាស៊ីន ខែតលែប (Cardiac Catheterization Lab) រួមទាំងបច្ចេកទេសរបស់ក្រុមវេជ្ជបណ្ឌិត មានបទពិសោធន៍ព្យាបាលបេះដូង មកពីមន្ទីរពេទ្យបាងកក ។
លោកសាស្រ្ដាចារ្យពន្យល់បន្ថែមថា ការវះកាត់បេះដូងត្រូវបានរៀប ចំក្រុមវេជ្ជបណ្ឌិតថៃ និងខ្មែរ ដែលមានបទពិសោធន៍ និងជំនាញ ព្រមទាំងបន្ទប់វះកាត់ដ៏ទំនើប ផ្តល់សុវត្ថិភាពខ្ពស់សម្រាប់ អ្នកជំងឺរបស់យើង ។ បន្ថែមលើនេះ ការព្យាបាលជំងឺប្រព័ន្ធប្រសាទ របស់យើងក៏បានបំពាក់ជាមួយឧបករណ៍ ព្យាបាល និងវះកាត់ចុងក្រោយគេបង្អស់ផងដែរ ដែលមានសម្ថភាពអាចវះកាត់ការកកឈាមក្នុងខួរក្បាល បញ្ហាឆ្អឹងខ្នងដែលបណ្តាល មកពីការកៀបសរសៃជាដើម។
លោកសាស្រ្ដាចារ្យក៏ បានលើកឡើងផងដែរថា វេជ្ជបណ្ឌិតផ្នែកវះកាត់ឆ្អឹង របស់យើងព្យាបាលបញ្ហាសន្លាក់ និងការវះកាត់ដូរក្បាលជង្គង់ ប្តូរឆ្អឹងត្រគាក និង ការវះកាត់ឆ្អឹងទូទៅ ដោយប្រើបច្ចេកទេសវះកាត់ថ្មី សម្រាប់លទ្ធផល នៃការព្យាបាលដ៏អស្ចារ្យ ជាពិសេសការវះកាត់តសរសៃក្បាលជង្គង់ (ACL) ដោយវេជ្ជបណ្ឌិតជនជាតិថៃ ផងដែរ។ លើសពីនេះ បានពង្រីក កន្លែងសម្រាប់ផ្នែកថែទាំម្តាយ និងផ្នែកសង្គ្រោះទារកទើបកើត (NICU) ដើម្បីផ្ដល់សេវាថែទាំ ដ៏ល្អគួរជាទីទុកចិត្ត ប្រកបដោយភាពម៉ត់ចត់ សុវត្ថិភាពខ្ពស់។
បន្ថែមពីលើភាពជឿនលឿន ខាងផ្នែកធ្វើរោគវិនិច្ឆ័យ និងឯកទេសផ្នែកវេជ្ជសាស្ត្រ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានផ្តល់នូវការថែទាំកម្រិតចុងក្រោយគេបង្អស់ ធៀបជាមួយនឹងមន្ទីរពេទ្យទំនើបៗនៅបណ្តាប្រទេសជឿនលឿនដទៃទៀត។ អ្នកជំងឺអាចទទួលបានសេវាកម្មពេញលេញ និងសុវត្ថិភាពខ្ពស់ក្នុងការព្យាបាលជំងឺទូទៅ សេវាសង្គ្រោះបន្ទាន់ ការវះកាត់គ្រប់ប្រភេទ ការស្តារនីតិសម្បទា និងការផ្តល់ការព្យាបាលជំងឺជាច្រើនទៀត ។
លោកសាស្រ្ដាចារ្យអះអាងថា «យើងបានជ្រើសរើសគ្រូពេទ្យលំដាប់ពិភពលោក មកពីមន្ទីរពេទ្យបាងកក ប្រទេសថៃ និងទាំងក្នុងប្រទេស ព្រមទាំងបុគ្គលិកជំនួយ ផ្នែកបច្ចេកទេស ដើម្បីធានាបាននូវការថែទាំប្រកប ដោយ គុណភាពខ្ពស់បំផុត ។ ការប្រតិបត្តិរបស់យើងត្រូវបានកែសម្រួលយ៉ាងម៉ត់ចត់ ដើម្បីថែទាំ អ្នកជំងឺប្រកប ដោយប្រសិទ្ធភាព និងក្តីមេត្តា»។
សាស្រ្ដាចារ្យបន្ដទៀតថា ក្នុងនាមជាមន្ទីរពេទ្យមួយ នៅក្នុងបណ្តាញថែទាំសុខភាព របស់ក្រុមហ៊ុនដ៏ធំបំផុត ផ្នែកសេវាសុខាភិបាលនៅប្រទេសថៃ ដែលហៅកាត់ថា BDMS បានព្យាយាមផ្តល់នូវភាពងាយស្រួល និងការតភ្ជាប់ជាមួយមន្ទីរពេទ្យដែលជាសាខានៅថៃ ក្នុងការថែទាំអ្នកជំងឺ។
សម្រាប់ BDMS Medevac Center បានត្រៀមខ្លួនជាស្រេចដើម្បីដឹក ជញ្ជូនអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ទៅរកអ្នកជំនាញដើម្បីព្យាបាលជំងឺនៅប្រទេសថៃ ឬក៏បញ្ជូនវេជ្ជបណ្ឌិតជំនាញមកពីមន្ទីរពេទ្យបាងកក ដើម្បីព្យាបាល និងធ្វើការវះកាត់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្ទាល់គ្រប់ពេលវេលាទាំងអស់ ។
លោកសាស្រ្ដាចារ្យ Attapoom Susupaus បានដឹងទៀតថា «ពួកយើងត្រៀមខ្លួនជានិច្ច ក្នុងនាមជាដៃគូថែទាំសុខភាព ដើម្បីផ្តល់សេវាព្យាបាលប្រកប ដោយប្រសិទ្ធភាពខ្ពស់ តម្លៃសមរម្យ និងក្រមសីលធម៌។ សូមជួយផ្សព្វផ្សាយ បន្តអំពីភាពជឿនលឿន និងសេវាកម្មដែលមាននៅទីនេះទៅកាន់អ្នកជិតស្និទ្ធ និងប្រជាជនទាំងឡាយឱ្យបានដឹងឮ និង យល់ដឹងបន្ថែមដើម្បីផ្តល់ឱកាសឱ្យពួកយើងជាអ្នកមើលថែសុខភាព ដែលនៅជិតលោកអ្នក ដើម្បីកាត់បន្ថយការចំណាយ ទៅព្យាបាលនៅក្រៅប្រទេស ។ យើងពិតជាមានកិត្តិយស ក្នុងការប្រកាសអោយប្រើប្រាស់ ជាផ្លូវការនូវម៉ាស៊ីនស្កែនដ៏ទំនើប MRI 3 Tesla នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង MRI 1.5 Tesla នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ខេត្តសៀមរាប ព្រមទាំងកម្មវិធីកាតសមាជិកភាពថ្មី ដែលអាចប្រើប្រាស់បាននៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ និងនៅមន្ទីរពេទ្យ បាងកកប្រទេសថៃ បើកដំណើរការជាផ្លូវការចាប់ពីថ្ងៃនេះតទៅ”។
ក្នុងឱកាសនោះដែរ លោកChardkiat Atthakor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជាបានលើកឡើងថា ការបើកសម្ពោធម៉ាស៊ីន ស្កែនដ៏ទំនើប MRI 3 Tesla នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាពេលនេះ បានបង្ហាញនូវការកត់សម្គាល់ ពីវឌ្ឍនភាពនៃបច្ចេកវិទ្យា វេជ្ជសាស្រ្ត សម្រាប់ប្រជាជនកម្ពុជា និងការរីកចម្រើននៃបច្ចេកវិទ្យា ដែលទំនើបចុងក្រោយ របស់ម៉ាស៊ីន MRI 3 Tesla នាពេលបច្ចុប្បន្ននេះ។ ឯកឧត្ដមបានបញ្ជាក់ថា ការបើកសម្ពោធម៉ាស៊ីន MRI 3 Tesla នេះ បានបង្ហាញឱ្យឃើញនៅក្នុងយុគសម័យថ្មីនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដ៏ល្អ ព្រមទាំងផ្តល់នូវលទ្ធភាព និងការទទួលបានសុខភាព កាន់តែប្រសើរឡើង ជាពិសេស ការបំពាក់នូវ ម៉ាស៊ីននេះជាសក្ខីភាព បញ្ជាក់ពីការប្តេជ្ញាចិត្ត របស់មន្ទីរពេទ្យក្នុងការជំរុញ ការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។
ឯកអគ្គរាជទូតបានកោតសរសើរ ដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ស្ថិតក្រោម BDMS ដែលជាបណ្តាញថែទាំសុខភាព របស់ក្រុមហ៊ុនដ៏ធំបំផុតផ្នែកសេវាសុខាភិបាល នៅប្រទេសថៃ ហើយក៏ជាបណ្តាញមន្ទីរពេទ្យ ឯកជនដ៏ធំបំផុត មួយរបស់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
ឯកអគ្គរាជទូតថៃ ក៏បានចាត់ទុក មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ មិនត្រឹមតែផ្ដល់ជូនដល់ប្រជាជន កម្ពុជាប៉ុណ្ណោះទេ ដែលទទួលបានអត្ថប្រយោជន៍ ពីការព្យាបាល និងថែទាំសុខភាពយ៉ាងល្អឥតខ្ចោះ របស់ មន្ទីរពេទ្យ ប៉ុន្តែក៏មានប្រជាជនថៃ និងអ្នកជំងឺកម្ពុជា ដែលទទួលបានការថែទាំបានយ៉ាងល្អក្នុងរយៈពេល ជាច្រើនឆ្នាំមក ។
សូមជម្រាបជូនថា ម៉ាស៊ីន MRI 3 Tesla នេះគឺជាម៉ាស៊ីនដែលទំនើបចុងក្រោយគេបង្អស់ ដោយម៉ាស៊ីននេះ ធ្វើឲ្យអ្នកជំងឺមិនចាំបាច់ចំណាយ ពេលវេលាយូរក្នុងការថតស្កេន ការរង់ចាំ ជាមួយនឹងគុណភាពនៃការថត គឺច្បាស់លាស់។ ចំពោះការប្រើប្រាស់ម៉ាស៊ីន MRI 3 Tesla នេះ បានធ្វើឲ្យវេជ្ជបណ្ឌិតដែលធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ និងត្រឹមត្រូវ ហើយ ម៉ាស៊ីន MRI 3 Tesla អាចធ្វើរោគវិនិច្ឆ័យទៅលើជំងឺច្រើនផ្នែក ដូចជាពាក់ព័ន្ធនឹងជំងឺមហារីក, ខួរក្បាល, បេះដូង និងផ្នែកផ្សេងៗទៀត ដែលមានផ្នែកតូចៗនៅក្នុងខ្លួនមនុស្ស ។
ជាមួយគ្នានេះ សម្រាប់ម៉ាស៊ីន MRI 3 Tesla នេះ បើប្រៀបធៀបជាមួយម៉ាស៊ីន MRI 1.5 គឺម៉ាស៊ីន MRI 3 Tesla មានកន្លែងថតធំទូលាយ កម្រិតគុណភាពនៃការថតគឺលឿនច្បាស់ល្អ ហើយធ្វើឲ្យអ្នកជំងឺមានផាសុកភាពល្អ ៕