ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពីការរៀបចំ ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានា នៅតាមក្រសួង ស្ថាប័ន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារាចរ ស្តីពី ការរៀបចំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានា នៅតាមក្រសួង ស្ថាប័ន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចដាក់ឱ្យប្រើនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកសារយុទ្ធសាស្ត្រនេះ ត្រូវបានប្រើប្រាស់ជាឯកសារគោលសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍តាមវិស័យ និងផែនការរបស់ក្រសួង ស្ថាប័ន ដើម្បីធានានូវសង្គតិភាព និងភាពប្រទាក់ក្រឡា ដែលត្រូវ បែងចែកជាពីរកម្រិត រួមមាន៖ កម្រិតទី១). ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និងកម្រិត ទី២). ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ ឬផែនការរបស់ក្រសួង ស្ថាប័ន ក្នុងនោះ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ តាមវិស័យ ឬផែនការរបស់ក្រសួង ស្ថាប័ន ត្រូវរៀបចំឱ្យមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ព្រមទាំងអាច តាមដាន ត្រួតពិនិត្យ និងវាយតម្លៃបាន ដើម្បីគាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅនិងគោលបំណង នៃផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៕

To Top