ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុង ប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច បន្ទាប់ពីរកឃើញករណីជំងឺផ្តាសាយបក្សី លើក្មេងប្រុសអាយុ ៣ឆ្នាំ រស់នៅស្រុកគិរីវង្ស ខេត្តតាកែវ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណី កើតលើក្មេងប្រុសអាយុ ៣ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្មេងប្រុសនេះ មានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។
បច្ចុប្បន្ន ស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា «ប្រហែល ១០ថ្ងៃមុន ចាប់ផ្តើមឈឺ នៅភូមិមានមាន់ទាងាប់ ហើយនៅផ្ទះអ្នកជំងឺ បានយកមកធ្វើម្ហូបបរិភោគ ក្មេងប្រុសបានប៉ះពាល់និងកាន់ មាន់ងាប់»។
ក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល បញ្ជាកថា «សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមយកចិត្តទុកដាក់ប្រុង ប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើ មានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាក ដកដង្ហើម និងមានប្រវត្តិធ្លាប់ បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និង ត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅតាមមូលដ្ឋាន សុខាភិបាល ដែលនៅជិតលោកអ្នកបំផុត ឱ្យបានឆាប់ទាន់ពេលវេលា»៕