ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការណែនាំប្រជាពលរដ្ឋ ឱ្យបង្ការបញ្ហាសុខភាព បណ្តាលមកពីការពុល ដោយបរិភោគត្រីក្រពត ខណៈមានករណីពុលចំនួន ៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត នៅខេត្តកំពង់ឆ្នាំង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាពេលថ្មីៗនេះ បានបញ្ជាឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំងមាន ករណីពុលចំនួន៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត ដោយមានអាការៈធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការជួយ សង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ។ ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នក ជំងឺមានសភាពធូរស្រាលច្រើនហើយ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បញ្ជាក់ថា «សូមក្រើនរំលឹក ដើម្បីចៀសវាងបាន នូវការពុលត្រីក្រពត បង្ក ជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមាន ជាតិពុល ពីព្រោះជាតិពុលនៅក្នុង ខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួន ត្រីក្រពតមិនអាចកំចាត់ ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ»។
សូមរំលឹកថា នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ៩ប្រភេទ ក្នុងនោះមាន ៥ប្រភេទ មានជាតិពុល។ តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពតដែលមានជាតិពុល។ រោគសញ្ញា កើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាក និយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតថ្លៃ រឹងថ្គាម ឬអាចបណ្តាលឱ្យ ស្លាប់។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម។ វិធីសង្គ្រោះភ្លាមៗ ក្រោយពីពុល អាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិ ពុលពីក្នុងខ្លួនបាន មួយចំណែក ហើយអ្នកពុលនោះ ត្រូវប្រញាប់ស្វែងរក ការជួយសង្គ្រោះបន្ទាន់ នៅតាមមូលដ្ឋាន សុខាភិបាល ដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដានពីគ្រូពេទ្យជាចាំបាច់៕