ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា ពោរពេញទៅដោយសក្ដានុពល នៃការអភិវឌ្ឍន៍ ក្តីរំពឹងទុក និងទំនុកចិត្តរបស់ប្រជាជនកម្ពុជា សម្រាប់អនាគត ដ៏ត្រចះត្រចង់។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០២៤ លោក ឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានមកប្រទេសកម្ពុជាជាថ្មីម្តងទៀត ប៉ុន្មានឆ្នាំមកនេះ ខ្ញុំពិតជាមានសំណាងដែលបាន មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាច្រើនដងច្រើនសារ។ រាល់ពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជា ខ្ញុំតែងមានអារម្មណ៍ថា កម្ពុជាពោរពេញទៅដោយសក្ដានុពល នៃការអភិវឌ្ឍន៍ និងក្តីរំពឹងទុក និងទំនុកចិត្តរបស់ប្រជាជនកម្ពុជា សម្រាប់អនាគតដ៏ត្រចះត្រចង់នេះ»។
តាមរយៈហ្វេសប៊ុក ដដែល ឯកអគ្គរដ្ឋទូតចិន ក៏មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានឆ្លងកាត់មហាវិថីស៊ីជីនពីង មហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះសីហនុ មហាវិថីម៉ៅសេទុង និងទៅដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតចិន គូសបញ្ជាក់ទៀតថា «ខ្ញុំ និងសហការជាមួយមិត្តភក្តិមកពី គ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ដើម្បីបន្តមរតកនៃចំណងមិត្តភាពរវាងចិន-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការផ្ដល់ ផលប្រយោជន៍ទៅវិញទៅមក ឱ្យទទួលបាននូវសមិទ្ធផលផ្លែផ្កាកាន់តែច្រើន និងផ្តល់ប្រយោជន៍ជូនដល់ប្រជាជន នៃប្រទេសទាំងពីរ»។
សូមរំលឹកថា លោក វ៉ាង វិនបិន (Wang Wenbin) ដែលគេស្គាល់ថា ជាអ្នកនយោបាយការទូតដ៏ឆ្នើមម្នាក់របស់ចិន នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញតួនាទី របស់លោក ជាឯកអគ្គរដ្ឋទូតថ្មីរបស់សាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ៕