ភ្នំពេញ ៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងថា ផ្ទះប្រជាពលរដ្ឋដំឡើងសូឡាលើដំបូល ក្នុងកម្រិតថាមពល ១០គីឡូវ៉ាត់ចុះក្រោម ឬក្រោម ៥០អំពែ គឺមិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់។
នាឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល នាថ្ងៃទី៦ កក្កដា លោក ប្រធានអាជ្ញាធរអគ្គិសនី បានឱ្យដឹថា ការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រមាណ ៩៥% ក្នុងក្របខណ្ឌលំនៅដ្ឋាន គឺមិនមានពាក់ព័ន្ធនឹងបង់ថ្លៃអ្វីទាំងអស់។
លោកប្រធាន គូសបញ្ជាក់ថា «អាជ្ញាធរអគ្គិសនីកម្ពុជា យោងតាមគោលការណ៍របស់ក្រសួង អាជ្ញាធរអគ្គិសនីកម្ពុជាកំពុងតែរៀបចំនូវបញ្ជីថ្លៃលក់មួយ សម្រាប់អ្នកប្រើប្រាស់ដែលដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនេះ។ ខ្ញុំគ្រាន់តែសូមអនុញ្ញាតជម្រាបជូនថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែរ គឺការរៀបចំគម្រោងរបស់យើងនេះ ការរៀបចំថ្លៃនឹងពិគ្រោះយោបល់ ក្នុងពេលឆាប់ៗខាងមុខ សម្រាប់លំនៅដ្ឋានប្រជាពលរដ្ឋដែលដំឡើងថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំងមិនលើសពី ១០គីឡូវ៉ាត់ ឬ ៥០អំពែនោះនឹងមិនតម្រូវឲ្យបង់ថ្លៃអ្វីទាំងអស់»៕