ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនរួច ជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជា ការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិននិងធុរជន។ នេះបើតាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា ។
ជាមួយគ្នានេះ សម្ដេចធិបតីក៏បានអញ្ជើញ វិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពី ទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏ប្រកាសស្វាគមន៍ចំពោះការ សម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំងដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏មានសុទិដ្ឋិនិយមថា បន្ទាប់ពីវេទិកានេះ កម្ពុជានឹងទទួលបានទំហំវិនិយោគ និងធុរកិច្ចបារាំងកាន់តែច្រើន ដើម្បីបំបែកកំណត់ត្រាឆ្នាំមុនៗ៕