ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បារាំង នៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ខណៈធំហំពាណិជ្ជកម្មទ្វេភាគី ត្រឹម៥ខែដើមឆ្នាំ២០២៤ មានទៅដល់ ២០៦,៤១លានដុល្លារ ។
ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃ៨ កក្កដា សម្តេចធិបតីបង្ហាញការជឿជាក់ថា “ជាមួយនឹងទស្សនវិស័យសេដ្ឋកិច្ចដ៏អស្ចារ្យរបស់កម្ពុជា ខ្ញុំជឿជាក់ថា ធុរជនបារាំង នឹងអាចមើលឃើញពីកាលានុវត្តភាពដ៏ធំទូលាយ នូវទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់កម្ពុជា” ។
ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា “ពាក់ព័ន្ធនឹងកិច្ចសហការសេដ្ឋកិច្ច បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ។ ពាណិជ្ជកម្មទ្វេភាគីរបស់យើងបាន កើនឡើងជាលំដាប់ដែលមានទំហំទឹកប្រាក់ ៥១៥,២១លានដុល្លារ ក្នុងឆ្នាំ២០២៣ និង២០៦,៤១លានដុល្លារក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤”។
សម្តេចនាយករដ្ឋមន្ត្រីបានឲ្យដឹងដែរថា ការវិនិយោគពីបារាំងរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា៕