ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ជាប់ជាប្រចាំ នូវបញ្ហាប្រឈមដែលក្រុមវិនិយោគលើកឡើង។
នាឱកាសអញ្ជើញ ជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា សម្ដេចធិបតីបញ្ជាក់ថា វិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគ ជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឲ្យមាន ការចូលរួមពីវិនិយោគិនក្នុងស្រុក។ ករណីលើកលែងតែមួយគត់នោះ គឺកម្មសិទ្ធិលើដីធ្លី។
សម្ដេចធិបតីមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភា របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរ ជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពដោយ ប្រកាន់ខ្ជាប់នូវគោលការណ៍ គិតរួមគា្ន, ធ្វើសកម្មភាពរួមគ្នា និងទទួលខុសត្រូវរួមគ្នា»។
សម្ដេចធិបតីបន្ដថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបាននិងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិ, កង្វល់, និងសំណូមពរ។ យន្តការដែលលេចធ្លោជាងគេ គឺវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ៕