ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងភាពធន់របស់កម្ពុជា បានជំរុញឲ្យកម្ពុជាក្លាយទៅជា គោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់ នៃតំបន់អាស៊ីអាគ្នេយ៍។
នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា សម្ដេចធិបតី បានលើកឡើងថា ក្នុងបរិបទ មិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ដ្រនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្គ្រាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធ សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានអត្រាកំណើនប្រមាណ ៥% នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ ២០២៤។
សម្តេចធិបតីបានថ្លែងថា «គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះ បានជំរុញឲ្យកម្ពុជាក្លាយទៅជាគោលដៅ វិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុង រីកលូតលាស់នៃតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ កម្ពុជា តែងតែស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួល បានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ»។
សម្ដេចធិបតីបន្ដថា ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារជាហេតុធ្វើឲ្យកម្ពុជា ក្លាយទៅជាប្រទេសដែលទទួលបានការវិនិយោគផ្ទាល់ ពីបរទេសច្រើនជាងគេ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច ។
សម្តេចធិបតីបន្ថែមថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេច បានសន្ទុះនៃរំហូរវិនិយោគ ផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគសរុបចំនួន ១៩០ ដែលមានតម្លៃ ៣,២ ពាន់លានដុល្លារ កើនឡើង៣ដង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣៕