ព័ត៌មានជាតិ

Power Bank មិនអាចប្រើប្រាស់ ដើម្បីលួចយកលុយក្នុងគណនីទូរស័ព្ទ បានឡើយ

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការអំពាវនាវដល់សាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារី ដែលជាជនអនាមិកម្នាក់នោះ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ច្បាស់ៗថា «តាមការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ»។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ ៕

To Top