ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកយកដំណោះស្រាយចំនួន៣ចំនុច លើបញ្ហាសមុទ្រចិនខាងត្បូង ប្រាប់ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោនិងលោកស្រីទូត ក៏បានផ្លាស់ប្តូរយោបល់បីបញ្ហាអន្តរជាតិ និងជាពិសេសបញ្ហាជម្លោះនៅក្នុងតំបន់អាស៊ាន ដែលមានវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលកាន់តែធ្ងន់ធ្ងរនិងអូសបន្លាយ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូង សម្ដេចតេជោបានស្វាគមន៍ការសន្ទនា ដែលហ្វីលីពីនកំពុងធ្វើការសន្ទនា ជាមួយនឹងចិន ក៏ដូចបណ្ដាប្រទេសពាក់ព័ន្ធ មានវៀតណាម ។ល។ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដ៏ជាក់លាក់មួយ នៅក្នុងការសម្រួលសភាពការណ៍ នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។
សម្ដេចតេជោក៏បានសង្កត់ធ្ងន់ថា ដើម្បីឈានទៅរកដំណោះស្រាយជាស្ថាពរត្រូវ៖
ចំនុចទី១) គឺភាគីទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ DOC ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីក្នុងឆ្នាំ២០០២
ចំនុចទី២) ស្នើសុំឱ្យភាគីពាក់ព័ន្ធ នៅសមុទ្រចិនខាងត្បូង ធ្វើការសម្របសម្រួលគ្នា ដើម្បីចៀសវាងជម្លោះណាមួយ ហើយពិភាក្សាប្រកបដោយ ន័យស្ថាបនា ចៀសវាងមានភាពតានតឹងក្នុងតំបន់
ចំណុចទី៣) គឺជំរុញតួនាទីរបស់អាស៊ាននិងបណ្ដាប្រទេស ពាក់ព័ន្ធធ្វើការចរចា ដើម្បីឈានទៅសម្រេចបាន នូវក្រមប្រតិបត្តិ (COC) ឱ្យបានឆាប់។
សម្ដេចបានចាត់ទុកថាបើ COC បានសម្រេចហើយនោះ វានឹងកាត់បន្ថយនូវភាពតានតឹង, បណ្ដាប្រទេសនៅក្នុងតំបន់នឹងមានជំនឿទុកចិត្តគ្នា ទៅវិញទៅមក ហើយសមុទ្រចិនខាងត្បូង អាចក្លាយជាច្រកដ៏សំខាន់មួយ សម្រាប់ពាណិជ្ជកម្មរវាងបណ្ដាប្រទេស នៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ៕