ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺជាខួបលើកទី៧២ រុក្ខទិវា (៩ កក្កដា ១៩៥២-៩ កក្កដា ២០២៤) ដែលជាទិវាមួយត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជំរុញចលនាដាំដុះឡើងវិញនូវកូនឈើ និងបំផុសស្មារតីស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិក្នុងសង្គម ឈានទៅការចូលរួមថែរក្សា ការពារ និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ៕


