កំពង់ស្ពឺ ៖ កម្មករកម្មការិនីប្រមាណ២៦នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តបុករថយន្ត នៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ នៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៨និង៥៥នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាមុនកើតហេតុ មានរថយន្តដឹកកម្មករ រោងចក្រមួយគ្រឿងម៉ាក Hyundai Mighty ពណ៌ស ផ្លាកលេខភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរដឹកកម្មកររោងចក្រ បានបើកបរដឹកកម្មករពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជាមួយ រថយន្តមួយគ្រឿងម៉ាក SSONG YONG ACTYON ពណ៏ស សេរីឆ្នាំ២០១៧ ផ្លាកលេខ 2BH-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ។
យោងតាមការសាកសួរពីកម្មករបានឲ្យដឹងថា រថយន្ត SSONG YONG ACTYON បើករេចុះ រេឡើង រួចមកបុករថយន្តដឹកកម្មករតែម្តង។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានបណ្តាលឲ្យរងរបួសមនុស្សសរុប២៦នាក់រងរបួសមនុស្សធ្ងន់ចំនួន ៦នាក របួសស្រាល ២០នាក់ បច្ចុប្បន្នកម្មករ កម្មការិនី ដែលរងរបួសត្រូវបានសមត្ថកិច្ចអាជ្ញាធរបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋនិងគ្លីនិកឯកជន (ដៃគូរ បសស) ៕
ដោយ៖សុខ សុភ័ណ្ឌ